(ភ្នំពេញ)៖ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក ស្សង់ ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយ ត្រូវបានធ្វើឡើងដោយក្រុមសិល្បៈកម្ពុជា និងក្រុមសិល្បៈចិន នៅរាត្រីថ្ងៃ១៧ ខែមករា ឆ្នាំ២០១៧នេះ នាសាលមហោស្រពចេនឡា បានធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងជាងមុន។
ការសម្ដែងសិល្បៈកម្ពុជា-ចិនខាងលើ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «យើងស្រឡាញ់តន្រ្តី» មានការចូលរួមពី សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈប្រតិភូជាតិ-អន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូតនានា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើននាក់។
ថ្លែងក្នុងឱកាសបើកកម្មវិធី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍សម្ដែងសិល្បៈកម្ពុជា-ចិននេះឡើង គឺក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងបន្តរឹតចំណងមិត្តភាព រវាងរាជរដ្ឋាភិបាល-រដ្ឋាភិបាលប្រទេសទាំងពីរ ឲ្យល្អប្រសើរជាងមុន ពិសេសគឺដើម្បីឲ្យប្រជាជនទាំងពីរ កាន់តែយល់ដឹងពីវប្បធម៌ពីគ្នាទៅវិញទៅមកបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្រ្តីថា «ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា មានជាង៨០ម៉ឺននាក់ ហើយភ្ញៀវទេសចរកម្ពុជា បានចេញទៅទស្សនាក្រៅប្រទេស ចំនួន១.៤លាននាក់ ក្នុងនោះទៅលេងចិនក៏មានច្រើនដែរ»។ លោកឧបនាយករដ្ឋមន្រ្តីបន្តថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីពេលកន្លងទៅ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពេញ លោកក៏បានលើកឡើងដែរថា «នៅឆ្នាំ២០២០ នឹងមានភ្ញៀវទេសចរចិនច្រើនជាង២លាននាក់ មកទស្សនាកម្ពុជា»។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបន្ថែមថា នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិន បានកើនដល់ជាង៥ពាន់លានដុល្លារ ហើយវិនិយោគិនចិនបានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ៧១៦លានដុល្លារ។ លើវិស័យវារីអគ្គិសនី ចិនក៏បានចំណាយទុន ជាង២ពាន់លានដុល្លារ វិនិយោគនៅកម្ពុជាផងដែរ ដែលទាំងនេះបានចូលរួមកាត់បន្ថយដល់ការចំណាយ របស់កម្មករនិយោជិតកម្ពុជា បានយ៉ាងច្រើន។
ចំពោះការសម្ដែងសិល្បៈ នារាត្រីនេះវិញ ខាងសិល្បៈចិនបានបញ្ចេញក្រុមសិល្បៈដ៏សម្បូរបែប ជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋមួយចំនួននៅកម្ពុជា នៅមិនទាន់បានឃើញផ្ទាល់ពីមុនមកនៅឡើយ ក្នុងនោះមានទាំងចម្រៀងកំណាព្យ ការប្រគំភ្លេងបុរាណ មានការរៀបរាប់ពីប្រវត្តិភ្លេង និងឧបករណ៍ភ្លេងនីមួយៗ គួរជាទីពេញចិត្តសម្រាប់អ្នកទស្សនាគ្រប់គ្នា ដូចបានចូលទៅដល់ពិភពបុរាណនៃចក្រភពចិនដ៏យូរលង់ ជាមួយសូរសៀងភ្លេងដ៏រន្ដំ និងការស្លៀកពាក់បែបបុរាណ របស់ក្រុមសិល្បៈចិនទាំងនោះ។
ចំណែកខាងក្រុមសិល្បៈខ្មែរទៀតសោត ក៏មានច្រៀងចម្រៀងបទ «ភ្នំពេញ» ដែលជាស្នាព្រះហស្តរបស់ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ដូចជាការសម្ដែងល្ខោនស្បែកតូច ចាប៉ីដងវែង ការសម្ដែងសិល្បៈល្ខោនខោល និងសិល្បៈបុរាណ-សម័យជាច្រើនទៀត ដែលសុទ្ធតែជាស្នាព្រះហស្ត-ស្នាដៃដ៏ប៉ិនប្រសព្វរបស់កវី និងសិល្បករខ្មែរ អង្រួនអារម្មណ៍របស់អ្នកទស្សនា ឲ្យបញ្ចេញនូវសំណើចយ៉ាងសប្បាយរីករាយ បើសង្កេតមើលទៅហាក់បញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរបស់រាជរដ្ឋាភិបាល-រដ្ឋាភិបាលទាំងពីរ ត្រូវបានហ៊ុព័ទ្ធទៅដោយកំពែងមិត្តភាពយ៉ាងរឹងមាំ និងជិតស្នីទ្ធបំផុត៕