(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៦គីឡូម៉ែត្រ និងលូកាត់ទទឹងផ្លូវ៤កន្លែង ត្រូវបានធ្វើការសម្ភោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ជាផ្លូវការ បន្ទាប់ពីបានកសាងរួច។
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមនិងលោកលេខាទី២ អមស្ថានទូតជប៉ុននៅកម្ពុជាផងដែរ ដែលផ្លូវនេះស្ថិតនៅឃុំឆែបពីរ ស្រុកឆែប។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ដូចជាផ្លូវ វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលមិនអាចខ្វះបាន។
លោកអភិបាលខេត្ត បន្ដថា ទន្ទឹមនឹងនោះ នៅតាមភូមិស្រុកខ្លះ នៅក្នុងខេត្តព្រះវិហារ នៅមិនទាន់បានអភិវឌ្ឍបានរីកចម្រើន ១០០ភាគរយនោះទេ ដោយនៅកន្លែងខ្លះ ប្រជាពលរដ្ឋទើបតែបានរស់នៅ ដោយបង្កើតភូមិថ្មី ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរខេត្ត លោកប្តេជ្ញានឹងកសាងហេដ្ឋរចនាសម្ពន្ធ័នានា ជូនប្រជាពលរដ្ឋតាមតំរូវការ។
លោកបញ្ជាក់ថា «ចំពោះផ្លូវក្រាលគ្រួសក្រហមដែលយើង ធ្វើពិធីសម្ភោធនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានសម្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល»។
ក្នុងឱកាសនោះ លោកអភិបាល បានថ្លែងអំណរគុណដល់ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនដែលបានផ្តល់ផ្លូវក្រាលគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ និងគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានផ្តល់២គីឡូម៉ែត្រផងដែរ ដោយលោកសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាប្រយោជន៍ ដើម្បីឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង៕