(ពោធិ៍សាត់)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ និងរក្សានូវទម្លាប់ «ផឹកស្អាត ហូបស្អាត រស់នៅស្អាត» ទើបយើងអាចរស់នៅបានយូរអង្វែង។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចុះសួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាល និងលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត។
លោក ម៉ម ប៊ុនហេង បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានកោតសសើរបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចដ៏មមាញឹក តាមរយៈការពិនិត្យ ព្យាបាល និងសាកសួរអ្នកជំងឺ ពីរោគសញ្ញា។
ជាក់ស្តែងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ជិត២០០នាក់ ដែលបានពុលចំណីអាហារ កាលពីយប់ថ្ងៃទី១២ ខែមករា ត្រូវបានបញ្ជូនមកពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ហើយត្រូវបានមន្ត្រីជំនាញ ពិនិត្យ និងធ្វើការសន្និដ្ឋានជំហានដំបូងថា អាចមកពីពុលបាយ ដែលអ្នកចំអិនខ្វះអនាម័យ។ លោកក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ និងរក្សានូវទម្លាប់ «ផឹកស្អាត ហូបស្អាត រស់នៅស្អាត ទើបយើងអាចរស់នៅបានយូរអង្វែង»។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺ នៅអគារសង្រ្គោះបន្ទាន់ ផ្នែកសម្រាលកូន និងរោគស្រ្តី ការព្យាបាលស្តារនីតិសម្បទារ របស់អង្គការDDSP ដល់កុមារពិការកម្ពុជា និងបានសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសស្ម័គ្រចិត្តមកពីប្រទេសបារាំង របស់អង្គការ កុមារNOMA ដែលបានមកព្យាបាលវះកាត់ជំងឺមុខមាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង របស់អង្គការ កុមារNOMA ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលលីធី (Dr. Philippe Bellety) និងសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន បានមកព្យាបាលវះកាត់ជំងឺមុខមាត់ ដូចជាឆែបមាត់ ពកសាច់ សំឡាកធំ និងជើងខ្វេ ដោយឥតគិតថ្លៃ ក្នុងទឹកដីខេត្តពោធិ៍សាត់។ ហើយការព្យាបាលវះកាត់ជាលើកទី៣នេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយសូមបងប្អូនឆាប់រួតរះឡើង ពីព្រោះពេលវេលាមានកំណត់៕