(ពោធិ៍សាត់)៖ លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលលីធី (Dr. Philippe Bellety) ប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង របស់អង្គការ កុមារNOMA នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានជួបសម្តែងការគួរសម្យ ជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្ត ដើម្បីទំនាក់ទំនងសុំផ្នែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ធ្វើជាកន្លែងវះកាត់ជំងឺមុខមាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់។
លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលធី (Dr. Philippe Bellety) ក៏បានជម្រាបជូនអំពីគោលបំណង ចង់បង្កើតក្រុមការងារគ្រូពេទ្យមួយក្រុម ដើម្បីផ្ទេរបទពិសោធន៌គ្នាទៅវិញទៅមក និងទំនាក់ទំនងសុំផ្នែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ពិនិត្យ និងព្យាបាលវះកាត់ជំងឺជូនកុមារ និងមនុស្សចាស់ ដោយឥតគិតថ្លៃ ដូចជាឆែបមាត់ ពកសាច់ សំឡាកធំ និងជើងខ្វេ នៅក្នុងទឹកដីខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានបង្ហាញទឹកចិត្តសប្បាយរីករាយ ក្នុងគោលបំណងដ៏ល្អរបស់អង្គការ កុមារNOMA ដែលបានយកចិត្តទុកដាក់ ដល់កុមារ និងមនុស្សចាស់ ដែលមានជំងឺដូចបានរៀបរាប់ខាងលើ ព្រមទាំងបានគាំទ្រទាំងស្រុង រាល់សកម្មភាពនានារបស់អង្គការ ដែលបានមកបំពេញការងារមនុស្សធម៌ ជាលើកទី៣ នៅក្នុងខេត្តរបស់លោក។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៧ ខែមករានេះ ក្នុងដំណើរចុះសួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចុះជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសស្ម័គ្រចិត្តមកពីប្រទេសបារាំង របស់អង្គការ កុមារNOMA នោះផងដែរ។
នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង របស់អង្គការ កុមារNOMA ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលលីធី (Dr. Philippe Bellety) និងសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន បានមកព្យាបាលវះកាត់ជំងឺមុខមាត់ ដូចជាឆែបមាត់ ពកសាច់ សំឡាកធំ និងជើងខ្វេ ដោយឥតគិតថ្លៃ ក្នុងទឹកដីខេត្តពោធិ៍សាត់។ ហើយការព្យាបាលវះកាត់ជាលើកទី៣នេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដូចនេះសូមបងប្អូនឆាប់រួតរះឡើង ពីព្រោះពេលវេលាមានកំណត់៕