(ភ្នំពេញ)៖ តំណាងគណបក្សសង្គ្រោះជាតិបានបរាជ័យជា លើកទី៣ហើយ ក្នុងការប្ដឹងប្រជាពលរដ្ឋ៦៤នាក់ទៀតថា ជាជនបរទេស ដើម្បីឲ្យគ.ជ.ប លុបឈ្មោះចេញ​ពីបញ្ជីបោះ ឆ្នោត​ដំបូង ខណៈ​តំណាងប្រជាពលរដ្ឋទាំង៦៤នាក់​ថា ត្រូវតែរក្សាទុក​ឲ្យនៅដដែល ព្រោះ​ប្រជាពលរដ្ឋទាំង​នោះ មានឯកសារ គ្រប់​គ្រាន់​តាមផ្លូវច្បាប់ជាខ្មែរ ទើបទៅចុះឈ្មោះ បោះឆ្នោតបាន ហើយអាចឈានទៅបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧​ខាងមុខបាន។​

ការបរាជ័យរបស់ CNRP ក្នុងការប្ដឹងចោទប្រជាពលរដ្ឋទាំង៦៤នាក់ថា ជាជនបរទេស ដើម្បីលុបឈ្មោះ​ចេញពីបញ្ជី បោះឆ្នោតដំបូងនេះដែរ បានធ្វើឡើងក្នុងសវនាការ​ក្ដីមួយ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទីស្នាក់ការ សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រវាងលោក លីន ញ៉ក់ និងលោក សន សោភ័ណ្ឌ តំ ណាងប្រជា​ពល​រដ្ឋទាំង៦៤នា​ក់ និងតំណាងគណបក្សសង្គ្រោះជាតិ មានលោក អ៊ុក វុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំនួសលោក ស័ក្ដ សុភារុន​ និងលោក​ សុខ ខេមរៈ ជាដើមបណ្ដឹង ព្រមទាំងដំណើរការ ​នៃសាវការ​ជំនំជម្រះ​ក្ដីមានលោក សយ កុសល ប្រធានក្រុមប្រឹក្សាសង្កាត់ រួមនិងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ជាច្រើននាក់ផងដែរ។

សវនាការក្ដីនេះ តំណាងគណបក្សសង្គ្រោះជាតិ លោក អ៊ុក វុទ្ធី បានលើកឡើងថា លោកនឹងសម្រេចដក​១១ពាក្យបណ្ដឹងចេញលែងប្ដឹង ក្នុងចំណោមបណ្ដឹង​ជំទាស់​ទាំង៦៤ របស់​ការិយាល័យ​បោះឆ្នោតសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ព្រោះគ្មានសាក្សីគ្រប់គ្រាន់ក្នុងការប្ដឹង។

លោកបន្តថា សម្រាប់៥៣បណ្ដឹងទៀត ដែលនៅសល់ ក្នុងនោះមាន៥បណ្ដឹងដែលខុសឈ្មោះ លោកនឹងបន្តប្ដឹងក្នុងសាវនាការនេះ ព្រោះតាមរយៈច្បាប់ អន្តោប្រវេសន៍ ជនបរទេស មិនត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរឡើយ ពិសេស​ទៀតនោះ គឺមិនមានឡាយព្រហស្ដលេខាទទួលស្គាល់ពីអង្គព្រះមហាក្សត្រ។ លោក អ៊ុក វុទ្ធី តំណាងគណបក្សសង្គ្រោះជាតិ បានលើកឡើងទៀតថា លោកមានដើមកំណើតជាខ្មែរ ហើយក៏មានការអះអាងទទួលស្គាល់ពីឪពុកម្ដាយ មកបញ្ជាក់ថាជាខ្មែរដែរ តែអ្នកទាំងនេះ ពុំមានការអះអាងទទួលស្គាល់ថាជាខ្មែរ ដូចរូបលោកឡើយ ដូច្នេះលោកសូមស្នើ ទៅអង្គជំនំជម្រះក្ដីជួយលុបឈ្មោះ ជនទាំងនោះចេញពីបញ្ជីបោះឆ្នោតដំបូង ដោយមិនអនុញាត្តិឲ្យបោះឆ្នោតបានឡើយ។

ជាមួយនិងការលើកឡើង របស់លោក អ៊ុក វុទ្ធី តំណាងគណបក្សសង្គ្រោះជាតិ ដែលបានប្ដឹងចោទប្រកាន់ទៅលើពលរដ្ឋ ទាំង៦៤នាក់ ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះ​ឆ្នោយនេះដែរ លោក សន សោភ័ណ្ឌ ដែលជាចុងចម្លើយ តំណាងប្រជាពលរដ្ឋទាំងអស់ ក៏បានលើកឡើងផងដែរថា ការដាក់បន្ទុករបស់ តំណាងគណបក្សសង្គ្រោះជាតិ មកលើកូនក្ដីរបស់លោក គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ព្រោះពេលដែលអ្នកទាំងអស់គ្នា ទៅចុះឈ្មោះបោះឆ្នោតបាន លុះត្រាតែ មានអត្តសញ្ញាណប័ណ្ណ​សញ្ជាត្តិ​ខ្មែរ។

លោកថា ម្យ៉ាងទៀត តាមមាត្រា១២ នៃច្បាប់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ​ធានាឲ្យមានបញ្ជីបោះ​ឆ្នោតសម្រាប់ការិយាល័យ​​បោះឆ្នោតនីមួយៗ ដែលបានបង្កើតឡើងតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២២ និងមាត្រា២៣ នៃច្បាប់នេះ ហើយដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមាន ឈ្មោះក្នុងបញ្ជី បោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ក្រោយការលើកឡើង របស់លោក សន សោភ័ណ្ឌ លោក លីន ញ៉ក់ ដែលជាចុងចម្លើយ តំណាងប្រជាពលរដ្ឋទាំង៦៤នាក់ បានលើកឡើងថា ក្នុងការប្ដឹងចោទប្រកាន់ ដាក់បន្ទុកបរិហាកេរ្ដិ៍ បាត់បង់ទាំងកិត្តិយស មកលើកូនក្ដីរបស់លោក ដោយមិនមានវត្តុតាងត្រឹមត្រូវបែបនេះ «ប្រយ័ត្នតែគេប្ដឹងវិញ គឺធ្ងន់ធ្ងរហើយ»។​

ពាក់ព័ន្ធហេតុផលផ្លូវច្បាប់ក្នុងសាវនាការក្ដី រវាងតំណាងប្រជាពលរដ្ឋទាំង៦៤នាក់ និងតំណាងគណបក្សសង្គ្រោះជាតិ ប្រធានក្រុមប្រឹក្សាសង្កាត់ជំនំជម្រះក្ដី លោក សយ កុសល បានថ្លែងថា ប្រសិនបើតំណាងគណៈបក្សសង្គ្រោះជាតិ សម្រេចដក១១បណ្ដឹង ចេញលែងប្ដឹងទៅហើយ គួរតែពិចារណាទៅលើ៥បណ្ដឹងទៀត ដែលខុសឈ្មោះ ក្នុងចំណោម៥៣បណ្ដឹងដែលនៅសល់ ព្រោះខុសតែឈ្មោះ ប៉ុន្តែនៅក្នុងទិន្នន័យទាំងអស់ដែលបានកត់ត្រាពុំមានខុសទេ។

លោកបន្តថា «ហើយក៏ដូចឆ្ងល់ដែរ ជាក់ស្ដែងនៅក្នុងចំណោមប្រជាពលរដ្ឋទាំង៦៤នាក់ ដែលត្រូវបាន CNRP ប្ដឹងចោទប្រកាន់ថា ជាជនបរទេសដើម្បី​លុប​ឈ្មោះ ចេញពីបញ្ជីបោះឆ្នោតដំបូងនេះ ក៏មានម្នាក់ដែរ គឺលោក ឈឿន ណារិទ្ធ បច្ចុប្បន្នមានមុខងារជា អនុប្រធាននាយកដ្ឋានក្រសួងព័ត៌មាន ស្រាប់តែ
ត្រូវគេចោទថា ជាជនបរទេសដែរ ហួសចិត្ត»
 
លោក សយ កុសល ប្រធានក្រុមប្រឹក្សាសង្កាត់ជំនំជម្រះក្ដី បានថ្លែងទៀតថា តាមការពិនិត្យរាល់ការលើកឡើងទាំងដើម បណ្ដឹង និងចុងចម្លើយ លោកសម្រេចច្រាន​ចោលការប្តឹងជុំ​ទាស់របស់ CNRP ហើយអនុម័តចំនួន០៧សំឡង លើ១១សំឡេង ដោយរក្សាទុកប្រជាពលរដ្ឋទាំង៦៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះ​ឆ្នោត​ឲ្យនៅដដែល ហើយអាចមានសិទ្ធិក្នុងការចូលរួមបោះ​ឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ គ្រប់ៗគ្នាបាន​ដូចប្រជាពលរដ្ឋដទៃទៀតផងដែរ៕