(ភ្នំពេញ)៖ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ប្រទេសស្វីស, នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងនៅចំពោះមន្រ្តីជាច្រើនរូបដែលអញ្ជើញចូលរួមក្នុងវេទិកានោះថា «អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើន ជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមកដល់ពេលនេះគឺឆ្លងកាត់កាន់តួនាទីជានាយករដ្ឋមន្រ្តីរយៈពេល៣២ឆ្នាំ និង៣ថ្ងៃ ហើយបើគិតសរុបទាំងរដ្ឋមន្រ្តីការបរទេស ទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី៣៨ឆ្នាំ ទាំងថាយូរជ្រុលហើយ ប៉ុន្តែនេះជាដំណើរធម្មតានៃប្រទេស ប្រជាធិបតេយ្យដែលត្រូវការបោះឆ្នោត ដោយប្រជាជន ប្រសិនបើប្រជាជនត្រូវការ យើងក៏នៅតែបំរើប្រជាជន, អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើនជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញឡើងមានប្រសាសន៍ ចែកបទពិសោធន៍ និងប្រវត្តិរបស់សម្តេច។
សូមជំរាបថា នៅថ្ងៃទី១៧ ខែមករានេះជាថ្ងៃដំបូង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»៕