(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តាំផ្ញើទៅមន្រ្តីរបស់ខ្លួនអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់ ហើយចៀសវាងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាន់គ្នា ពោលដីមួយកន្លែងមិនត្រូវមានប័ណ្ណកម្មសិទ្ធិដល់ទៅពីរនោះទេ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរបស់ក្រសួង។
លោក ជា សុផារ៉ា ថ្លែងដូច្នេះ ក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា កន្លងមកដីមួយចំនួន មានប័ណ្ណកាន់កាប់រហូតដល់ទៅពីរ ដែលធ្វើឲ្យប៉ះពាល់ និងអាប់ឱនដល់ក្រសួងរៀបចំដែនដី ក៏ដូចជាស្ថាប័នពាក់ព័ន្ធផងដែរ។
លោក ជា សុផារ៉ា បានផ្ដាំផ្ញើទៅមន្ដ្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ដ្រីភូមិបាល យ៉ាងដូច្នេះថា «ហេតុដូច្នេះហើយ ចាប់ពីឆ្នាំ២០១៧នេះទៅ ទង្វើនេះមិនត្រូវឲ្យកើតមានជាដាច់ខាត ហើយក៏ត្រូវតែជៀសវាងផងដែរ។ កុំពាក់ព័ន្ធ កុំទន់ជ្រាយ កុំធ្វើកិច្ចការងារណា ដោយខុសពីគន្លងច្បាប់ ហើយទីតាំងមួយ មានប្លង់កម្មសិទ្ធិតែមួយ និងចុះបញ្ជីត្រឹមត្រូវ»។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ ត្រូវបានបិទបញ្ចប់ ជាមួយការដាក់ចេញផែនការអាទិភាពចំនួន ៩ចំណុច សម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០១៧។ ផែនការអាទិភាពទាំង៩នោះរួមមាន៖
១. បន្តពង្រឹងប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវាសុរិយោដី និងសំណង់ជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេសពនុវត្តតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»។
២. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការក្នុងការប្រមូលចំណូលចូលថវិកាជាតិបានជិត ៧២លានដុល្លារក្នុងឆ្នាំ២០១៦ និងបន្តពង្រឹងកិច្ចការនេះបន្តទៀត។
៣. បន្តពន្លឿនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដែលបច្ចុប្បន្នសម្រេចបាន ៦៣.៦ភាគរយ នៃក្បាលដីប៉ាន់ស្មានសរុបចំនួនប្រមាណ ៧លានក្បាលដី ដោយធ្វើការប្រកាសតំបន់វិនិច្ឆ័យតាមភូមិ និងចុះចែកប័ណ្ណកម្មសិទ្ធិដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
៤. បន្តចុះដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ប្រមាណ ១០ភាគរយ ស្មើនឹងជាង ៧០០ករណីវិវាទឲ្យកាន់តែសកម្ម ដើម្បីធានាភាពសុខដុមរមនីយកម្មក្នុងសង្គម។
៥. បន្តជំរុញការអភិវឌ្ឍវិស័យសំណង់ ដែលទុនវិនិយោគនៅឆ្នាំ២០១៦ កើនដល់ជាង ៨,៥០០លានដុល្លារ កើនឡើងជិត ១៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៥ ផ្តល់ការងារធ្វើប្រមាណ ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ដើម្បីពង្រឹងភាពរឹងមាំ នៃវិស័យសំណង់ ដែលជាសរសរស្តម្ភមួយក្នុងចំណោមសរសរស្តម្ភទាំងបួនទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យកសិកម្ម ទេសចរណ៍ និងវាយនភ័ណ្ឌ។
៦. បន្តពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ និងដាក់ចេញនូវវិធានការទាន់ពេលវេលាទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ។
៧. បន្តការពារដីចំណីឆ្នេរ សាងសង់ខ្លោងទ្វារច្រកចូលឆ្នេរ និងកែលំអឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែងជាង ៤៤០គីឡូម៉ែត្រ ឲ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះជាឆ្នេរស្អាតបំផុតលើសកលលោក ព្រមទាំងជំរុញសមាហរណកម្មយុទ្ធសាស្រ្តលើកកម្ពស់ការអភិវឌ្ឍបៃតង និងការបង្កាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
៨. បន្តផ្តល់សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះជូនគ្រួសារយោធិន និងនគរបាលនៅតាមព្រំដែន។
៩. បន្តពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីសាងសង់លំនៅឋានមានតម្លៃសមរម្យជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលមានចំណូលទាប មធ្យម និងជនងាយរងគ្រោះ៕