(ព្រះសីហនុ)៖ បង្គាសមុទ្រស្រស់ជិត ១៤គីឡូក្រាម ដែលអាជីវករដាក់លក់នៅទល់មុខផ្សារវាលរេញ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានមន្ទីរពិសោធន៍ចល័ត (MOBILE LAB) របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្ម ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ពិនិត្យរកឃើញមានលួចបង្កប់សារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីធ្វើការដកហូតយកទៅកម្ទេចចោល។
ប្រតិបត្តិការនេះ ប្រព្រឹត្តិទៅតាំងពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ រហូតដល់រសៀលថ្ងៃដដែល ដោយធ្វើការត្រួតពិនិត្យលើបន្លែ ផ្លែឈើ ត្រីងៀត ជ្រក់ ស្ករត្នោត ដែលដាក់លក់ក្នុងផ្សារវាលរេញ និងគ្រឿងសមុទ្រ ដែលអាជីវករដាក់លក់នៅទល់មុខ ផ្សារវាលរេញផងដែរ។
បើទោះបីជារកឃើញមានសារធាតុគីមីយ៉ាងនេះក្តី ក៏អាជីវករនៅប្រកែកតវ៉ាថា ផលិតរបស់ខ្លួនមិនបានលាយសារធាតុគីមីដោយខ្លួនឯងនោះទេ ទោះបីជាយ៉ាងនេះក្តី លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានព្យាយាមពន្យល់ដល់ អាជីវករទាំងនោះឲ្យយល់ពីបច្ចេកទេស នៃម៉ាស៊ីនពិសោធន៍ ដែលអ្នកទាំងអស់គ្នា មិនអាចមើលឃើញដោយភ្នែកបានទេចំពោះ សារធាតុគីមីដែលមាននៅក្នុងផលិតផល ដែលបានដាក់តាំងលក់នោះ។
ជាងនេះទៅទៀត លោក ជា ប៉ិច ក៏បានស្នើឲ្យបងប្អូនអាជីវករ ត្រូវទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួន ដែលបានដាក់តាំងលក់លើទីផ្សារ និងត្រូវសហការជាមួយសមត្ថកិច្ច នៅពេលដែលចុះត្រួតពិនិត្យម្តងៗ។
លោក ជា ប៉ិច ក៏បានបន្ថែមថា «កាលបើផលិតផលរបស់យើងមានលាយសារធាតុគីមីហាមឃាត់ ធ្វើឲ្យអ្នកប្រើប្រាស់ត្រូវប្រឈមនូវបញ្ហាសុខភាព ដែលត្រូវចំណាយ នូវថវិការសម្រាប់ព្យាបាលជំងឺជាដើម»។ ជាមួយគ្នានេះផងដែរ លោកក៏បានស្នើឲ្យអាជីវករឈប់ប្រើប្រាស់សារធាតុគីមីបន្តទៀត ប្រសិនបើរកឃើញមានលួចប្រើប្រាស់លើកក្រោយទៀត នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាមិនខាន។
លោកអនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងមានការអនុញ្ញាតពីសំណាក់លោក ម៉ាង ស៊ីណេត ដែលជាប្រធានសាខាលោកបានធ្វើការ ដឹកនាំមន្ត្រីចុះពិនិត្យរកសារធាតុគីមី ដែលអាជីវករលួចដាក់ក្នុងផលិតផលរបស់ខ្លួន ដើម្បីធ្វើការដកហូតយកទៅកម្ទេចចោល ហើយប្រតិបត្តិការនឹងធ្វើឡើងជា បន្តបន្ទាប់ឥតដកដៃឡើយ។
ជុំវិញបញ្ហានេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការគាំទ្រ និងស្នើសុំឲ្យមានការត្រួតពិនិត្យលើម្ហូបអាហារ នំចំណី ដែលបានដាក់តាំងលក់ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានញឹកញាប់ផងដែរ៕