(ភ្នំពេញ)៖ លោក អេង ខេង ដែលមានជំងឺមហារីកមាត់នោះ បានទទួលការឧបត្ថម្ភថវិកា សម្រាប់ការវះកាត់មាត់របស់គាត់ដោយឥតគិតថ្លៃ។ ថ្មីៗនេះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត បានចូលរួមជាថវិកាមួយចំនួនស ម្រាប់ការវះកាត់នេះ ហើយបានប្រគល់ថវិកានេះទៅដល់សមាគមចក្ខុកម្ពុជាអន្តរជាតិ ដែលជួយដល់ការវះកាត់ លោក អេង ខេង។
លោកវេជ្ជបណ្ឌិត ង៉ូវ ស្រ៊ុន ស្ថាបនិកសមាគមចក្ខុកម្ពុជាអន្តរជាតិ បានថ្លែងថា ក្រោយទទួលបានព័ត៌មានពីភ្ញៀវទេសចរថា បានជួបប្រទះបុរសខ្មែរម្នាក់កើតជំងឺមហារីក សមាគមរបស់លោកបានស្វែងរកបុរសរូបនោះជាច្រើនកន្លែង ហើយចុងក្រោយបានជួបនៅស្រុកស្គន់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោក អេង ខេង។
វេជ្ជបណ្ឌិតដដែលបន្ថែមថា ក្រៅពី អេង ខេង ដែលកើតជំងឺមហារីកនេះ ឪពុក និងប្អូនប្រុសរបស់ អេង ខេង ក៏មានជំងឺនេះដែរ។ បច្ចុប្បន្ន អេង ខេង ពិបាកក្នុងការដកដង្ហើម និងបរិភោគអាហារ ដែលទាមទារឲ្យមានបរិក្ខាជំនួយ ដូច្នេះការវះកាត់នឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ។
នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា « ក្រុមហ៊ុនតែងតែរួមចំណែក យ៉ាងសកម្មក្នុងសកម្មភាព សប្បុរសធម៌នានា ដូចជាជួយដល់មន្ទីរពេទ្យសាលារៀន និស្សិតក្រីក្រ ជាពិសេសក្នុងគ្រាអាសន្នបែបនេះ។ យើងសូមជូនពរ ឲ្យការវះកាត់នេះទទួលបានជោគជ័យ»៕