(តាកែវ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិនមកពីក្រុងស៊ាងយ៉ាង ខេត្តហ៊ួប៉ី បានបង្ហាញចំណាប់អារម្មណ៍ចង់បោះទុនដ៏ច្រើនសន្ធឺកសន្ធាប់ ដើម្បីជួលដីរបស់កម្ពុជាក្នុងខេត្តតាកែវ ស្ថិតតាមបណ្តោយព្រំដែនវៀតណាម ទំហំប្រមាណ ៤ពាន់ហិកតា ដើម្បីដាំដំណាំស្រូវកែច្នៃជាអង្ករនាំចេញទៅកាន់ប្រទេសចិន។ ក្រៅពីដាំដំណាំស្រូវ ក្រុមហ៊ុនចិន ក៏គ្រោងនិងវិនិយោគលើការបើកកសិដ្ឋានចិញ្ចឹមសត្វផងដែរ។
បំណងជួលដីខ្មែរតាមព្រំដែនវៀតណាម ដើម្បីដាំដំណាំស្រូវ ក៏ដូចជាបើកកសិកដ្ឋានចិញ្ចឹមសត្វពីសំណាក់ក្រុមហ៊ុនចិន បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូ ក្រុងស៊ាងយ៉ាង ខេត្តហ៊ួប៉ី ដែលរួមមានធុរជន និង អ្នកវិនិយោគទុនចិនជាច្រើននាក់ បំពេញទស្សនកិច្ចសិក្សាពីសក្ដានុពលរបស់ខេត្តតាកែវរយៈពេល ៥ថ្ងៃ។
តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកវិនិយោគចិន បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើដំណាំស្រូវ និងការបើកកសិដ្ឋាន ចិញ្ចឹមសត្វនៅតាម ជាយដែនកម្ពុជា។ យោងតាមមន្រ្តីសាលាខេត្តតាកែវ បានឲ្យដឹងថា គម្រោងជួលដីស្រែនៅតាមបណ្ដោយព្រំដែនប្រទេសវៀតណាម របស់ក្រុមហ៊ុនចិន យោងទៅតាមការស្នើសុំរបស់លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ដែលបានស្នើឲ្យក្រុមហ៊ុនចិនទីក្រុងស៊ាងយ៉ាង សិក្សា និងពិនិត្យលទ្ធភាពក្នុងការជួលដីស្រែ ប្រាំងពីប្រជាកសិកខ្មែរ នៅតាមបណ្ដោយព្រំដែន ដើម្បីដាំស្រូវសម្រាប់កែច្នៃនាំចេញ។
កន្លងមកប្រជាពលរដ្ឋដែលមានដីស្រែប្រាំងនៅតាមព្រំដែនបានជួលដីស្រែនេះឲ្យជនជាតិវៀតណាមធ្វើ ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសារាចរណ៍ ហាមឃាត់ ការជួលដីស្រែឲ្យជនជាតិវៀតណាម អាជ្ញាធខេត្តតាកែវ បានទាក់ទងក្រុមហ៊ុនក្នុងស្រុក និង ក្រុមអ្នកវិនិយោគចិនឲ្យចូលមកជួលដីស្រែ របស់ប្រជាពលរដ្ឋ ជៀសវាងទុកដីទំនេចោល។
បើតាមមន្រ្តីខាងលើក្រុមហ៊ុនចិនទីក្រុងស៊ាងយ៉ាងរបស់ខេត្តហ៊ួប៉ី ឈ្មោះ ឡុង ចាវហ៊្វូ មានគម្រោងជួលដីស្រែប្រាំងនៅបណ្ដោយព្រំដែនចំនួន ៤ពាន់ហិកតាសម្រាប់ដាំស្រូវ និងទិញស្រូវពីប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដើម្បីកែច្នៃនាំចេញទៅប្រទេសចិនក្នុងមួយឆ្នាំពី ៥ម៉ឺនតោនទៅ ១០ម៉ឺនតោន។ កម្រោងជួលដីស្រែប្រាំងនេះ ខាងក្រុមហ៊ុនចិន កំពុងតែស្នើអាជ្ញាធខេត្តតាកែវ ជួយសម្រួលរកដី ដើម្បីជួលពីប្រជាពលកសិករ។
មន្រ្តីខាងលើបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តស៊ាងយ៉ាងនេះ ក៏មានការចុះកិច្ចព្រមព្រៀងចំនួន ៥ផងដែររួមមាន៖ ទី១. អនុស្សារណៈយោគយល់គ្នា លើគម្រោងវិនិយោគ រវាងខេត្តតាកែវ និងក្រុមហ៊ុនមួយចំនួនរបស់ក្រុងស៊ាងយ៉ាង, ទី២. ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុនស៊ាងដា និងលីហ្វុង ចុះកិច្ចព្រមព្រៀង ជាមួយភាគីក្រុមហ៊ុនខ្មែរ ដើម្បីបង្កើតអាជីវកម្ម នៃការចិញ្ចឹមសត្វជ្រូក ដែលមានទឹកប្រាក់ចំនួន ១០០លានដុល្លា, ទី៣. កិច្ចព្រមព្រៀងស្តីពី ការបង្កើតរួមគ្នានូវស្ថានីយ ជំនាញបច្ចេកទេសកសិកម្ម, ទី៤. បង្កើតកន្លែងផលិតចំណីសត្វ និងទី៥. ការនាំចូលគ្រឿងយន្តកសិកម្មមកចែកចាយក្នុងខេត្តតាកែវ៕