(បន្ទាយមានជ័យ)៖ ព្រះសង្ឃខ្មែរចំនួន៨អង្គ ត្រូវបានអាជ្ញាធរថៃ ចាប់ផ្សឹក និងបញ្ជូនទៅកាន់អង្គភាពជំនាញ នៃប្រទេសថៃ ដោយចោទប្រកាន់ពីបទ លបចូលប្រទេសថៃ ដោយខុសច្បាប់ ព្រមទាំងបានប្រព្រឹត្តល្បែងស៊ីសង ខណៈដែលព្រះសង្ឃទាំងអស់ កំពុងវាទវង់លេងល្បែងស៊ីសងនៅក្នុងព្រៃ។
សមត្ថកិច្ចកម្ពុជា បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋថៃប្រទះឃើញព្រះសង្ឃជាច្រើនអង្គកំពុងនិមន្តបិណ្ឌបាត និងមានការសង្ស័យជាព្រះសង្ឃក្លែងក្លាយ ស្ថិតនៅត្រង់ចំណុចផ្លូវលួងផែង សង្កាត់ឡតក្រាក់បាំង ក្នុងខេត្តសមុទ្រប្រាកាន ជិតទីក្រុងបាងកកប្រទេសថៃ ហើយបានរាយការណ៍ ទៅអាជ្ញាធរថៃដើម្បីសាកសួរ និងឃាត់ខ្លួន ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមអាជ្ញាធរថៃ និងសមត្ថកិច្ចជំនាញ ចុះប្រតិបត្តិការ គឺមានព្រះសង្ឃចំនួន៨អង្គបាននាំគ្នាប្រព្រឹត្តល្បែងស៊ីសងនៅក្នុងព្រៃ ។ ក្នុងហេតុការណ៍នោះដែរ ព្រះសង្ឃខាងលើនេះបាននាំគ្នារត់គេច ដើម្បីជៀសអោយផុតពីការចាប់ខ្លួន ប៉ុន្តែត្រូវបានក្រុមសមត្ថកិច្ចថៃ បានធ្វើការស្ទាក់ចាប់ រហូតបានទាំងអស់ ទើបដឹងថាព្រះសង្ឃទាំងអស់គឺជាជនជាតិខ្មែរ ហើយការលបចូលទៅក្នុងទឹកដីថៃ គឺគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។
ព្រះសង្ឃត្រូវបានសមត្ថកិច្ចថៃចាប់បាន ទី១ ឈ្មោះ ឯម រឿង, ទី២ ឈ្មោះ ឆាន់ ស៊ីណា ,ទី៣ ឈ្មោះ ឆាន់ កៀត, ទី៤ ឈ្មោះ ស៊ឹម សារៈ ,ទី៥ឈ្មោះ ង៉ែត ផ្លយ, ទី៦ ឈ្មោះ ឆាត់ កុត ,ទី៧ ឈ្មោះ ឈួន ប៊ុនរិទ្ធ, និងទី៨ ឈ្មោះ ក្រេង ចិត្រា ដ ។
បច្ចុប្បន្ននេះ អាជ្ញាធរថៃបាននាំព្រះសង្ឃទាំងអស់ ទៅប្រគល់អោយអង្គភាពធម្មការថៃ ដើម្បីធ្វើការផ្សឹក និងបញ្ជូនខ្លួន ទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕