(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាជាមួយ លោក D.J. Pandian អនុប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានស្នើឲ្យ AIIB ផ្ដល់ជំនួយបច្ចេកទេសក្នុងការរៀបចំផែនការមេ នៃការអភិវឌ្ឍវិស័យថាមពល ដើម្បីសម្រួលថ្លៃថាមពលក្នុងប្រទេសឲ្យមានភាពសមរម្យ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង។
ជំនួបខាងលើ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច ដោយលោក D. J. Pandian បានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា ក្នុងពេលនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ AIIB ជាមួយកម្ពុជាដែលប្រទេសស្ថាបនិក ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជា នៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងធ្វើការពិភាក្សាលើគម្រោង ដែលមានសក្តានុពលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់ស្នើសុំហិរញ្ញប្បទានពីធនគារ AIIB ផងដែរ។
លោក វង្សី វិស្សុត បានលើកឡើងថា «កម្ពុជាចាត់ទុកការចូលរួមជាសមាជិកស្ថាបនិក ក្នុងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬហៅកាត់ថា AIIB ដោយសារធនាគារ AIIB មានបេសកកម្មផ្តល់ហិរញ្ញប្បទាន ផ្តោតតែលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ដែលឆ្លើយតបទាំងស្រុង ចំពោះតម្រូវការអាទិភាព ក្នុងបរិការណ៍នៃការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា»។
លោករដ្ឋមន្រ្តីស្តីទីបានបន្តថា កម្ពុជានៅមិនទាន់មានគោលនយោបាយខ្ចីលុយពី AIIB នៅឡើយ តែកម្ពុជានឹងពិនិត្យវាយតម្លៃសមត្ថភាពខ្ចីរបស់ខ្លួនឡើងវិញ នៅឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃការរៀបចំឯកសារយុទ្ធសាស្ត្រ គ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០១៩-២០២៣ ដើម្បីកម្ពុជាអាចខ្ចីឥណទានពី AIIB សម្រាប់យកមកបំពេញឱ្យតម្រូវការដ៏ធំធេង នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ដែលកំពុងបន្តកើនឡើងក្នុងល្បឿនលឿនរបស់ខ្លួន។
លោក វង្សី វិស្សុត «បានស្នើឱ្យធនាគារ AIIB ផ្តល់នូវជំនួយបច្ចេកទេស ក្នុងការរៀបចំផែនការមេ នៃការអភិវឌ្ឍវិស័យថាមពល ដើម្បីធ្វើឱ្យតម្លៃថាមពលនៅកម្ពុជា មានថ្លៃសមរម្យ ហើយការផ្គត់ផ្គងមានស្ថិរភាព និងជួយលើកកម្ពស់ភាពប្រកួតប្រជែង»។ ដោយផ្អែកលើផែនមេនេះ កម្ពុជាស្នើសុំឱ្យធនាគារ AIIB ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីសិក្សាសមិទ្ធភាព ចំពោះគម្រោងដែលមានសក្តានុពល ហើយគាំទ្រដល់គម្រោងទាំងនេះ ឬគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀត ដូចជា ផ្លូវថ្នល់ ផ្លូវដែក វិស័យទូរគមនាគមន៍ជាដើម តាមរយៈយន្តការជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP)។
ពាក់ព័ន្ធនឹងស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា លោករដ្ឋមន្រ្តីស្តីទីបានលើកឡើងថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណជាង៧ភាគរយ ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ លើវិស័យអាទិភាព៤យ៉ាង គឺទី១.ការអភិវឌ្ឍធនធានមនុស្ស, ទី២.ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ទី៣.ការអភិវឌ្ឍវិស័យកសិកម្ម និងទី៤.ការលើកកម្ពស់អភិបាលកិច្ច សំដៅបង្កើនប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈ ភាពប្រកួតប្រជែងរបស់កម្ពុជា និងការកែលម្អបរិយាកាសវិនិយោគ។ ក្នុងន័យនេះ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាកិច្ចការអាទិភាពមួយ របស់រាជរដ្ឋាភិបាល ហើយកម្ពុជាកំពុងសហការជាមួយដៃគូ ដើម្បីរៀបចំនូវផែនការមេនៃការតភ្ជាប់ ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងគោលដៅលើកកម្ពស់ការប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ធនាគារ AIIB មានទីស្នាក់ការកណ្តាលនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ធនាគារនេះ មានដើមទុនសរុបដំបូងចំនួន ១០០,០០០,០០០,០០០ដុល្លារ ដោយក្នុងនោះ ដើមទុន៧៥ភាគរយ កាន់កាប់ដោយប្រទេសជាសមាជិកក្នុងតំបន់ និង២៥ភាគរយទៀត កាន់កាប់ដោយប្រទេសជាសមាជិកក្រៅតំបន់។ ធនាគារនេះជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី ដូចគ្នានឹងធនាគារពហុភាគីនានា ដែលមានស្រាប់ ដូចជា ADB WB IFAD EIB ជាដើម។ ធនាគារ AIIB ផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនផលិតភាពសេដ្ឋកិច្ចផ្សេងទៀត៕