(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ កម្ពស់ចាប់ពី៥ជាន់ដល់ជាង៤០ជាន់ ឡើងទៅចំនួន៧៩១អគារ ខណៈដែលបុរីមានចំនួន១៣៤បុរី។
បើតាមរបាយការណ៍ បានឲ្យដឹងយ៉ាងលម្អិតថា អគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងទៅ គិតពីឆ្នាំ២០០៥ រហូតដល់ឆមាសទី១ ឆ្នាំ២០១៦ មានចំនួន៧៩១ អគាដែលក្នុងនោះ៖
* អគារខ្ពស់ចាប់ពី៥ ជាន់ទៅ៩ជាន់ មានចំនួន៤៧៤អគារ។
* អគារខ្ពស់ចាប់ពី១០ ជាន់ទៅ១៩ជាន់ មានចំនួន២៤៩អគារ។
* អាគារខ្ពស់ចាប់ពី២០ ជាន់ទៅ២៩ជាន់ មានចំនួន៤៣អគារ។
* អគារខ្ពស់ចាប់ពី៣០ ជាន់ទៅ៣៩ជាន់ មានចំនួន១៧អគារ។
* អគារខ្ពស់ចាប់ពី៤០ ជាន់ឡើងទៅ មានចំនួន០៨ អគារ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញតសាងសង់ បានចំនួន៩០១គម្រោង ដែលមានផ្ទៃក្រឡាសាងសង់ ជាង ៧,៣៣៣,៧២៤ម៉ែត្រការ៉េ គិតជាទុនវិនិយោគសរុប ៣,១០២,០៦៥,៣០០ដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំ២០១៥ ដែលបានស្នើសុំសាងសង់ចំនួន ៦៦២គម្រោង មានផ្ទៃក្រឡា ៥,៨០១,៧៤២ម៉ែតការ៉េ គិតជាទុនវិនិយោគ ២,០១៤,៥៩៨,១០០ដុល្លារអាមេរិក គឺកើនឡើង៥៩.៩២ភាគរយ ក្នុងនោះ៖
* សំណង់គ្នានលិខិតអនុញ្ញាត មានចំនួន២៦៣ការដ្ឋាន។
* សំណង់ខុសប្លង់អនុញ្ញាត មានចំនួន៦៣ការដ្ឋាន។
* សំណង់ជួសជុលមានលិខិតអនុញ្ញាត មានចំនួន១១ការដ្ឋាន៕