(ភ្នំពេញ)៖ លោក គង់ ធែល ប្រធានគណៈកម្មការផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីផ្សារទាំងអស់ ចុះសម្អាតអនាម័យបរិស្ថាន និងស្តារប្រព័ន្ធលូនៅក្នុងផ្សារ និងជុំវិញផ្សារ ក្រោយទទួលបានអនុសាសន៍ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក គង់ ធែល បានលើកឡើងថា ចំពោះការងារនេះ គណៈកម្មការផ្សារ និងសង្កាត់ បានចុះអនុវត្តន៍ធ្វើជាប្រចាំ ដើម្បីមានបរិស្ថានល្អប្រសើរនៅក្នុងផ្សារ មិនប៉ះពាល់ដល់សុខភាពអាជីវករ និងអ្នកទិញងាយស្រួលធ្វើដំណើរចេញ-ចូល ពោលគឺអនុវត្តន៍តាមការណែនាំរបស់ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ដែលជំរុញឲ្យគណៈកម្មការផ្សារ ចុះសម្អាតអនាម័យក្នុងផ្សារ និងជុំវិញផ្សារ។
ក្រៅពីចុះសម្អាតអនាម័យបរិស្ថាន និងកាយភក់សំរាមជុំវិញផ្សារនេះ គណៈកម្មការផ្សារ បានយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជីវករក្នុងការលក់ដូរគ្រប់កាលៈទេសៈ ពោលគឺមិនឲ្យក្រុមអាជីវករ មានការព្រួយបារម្ភអំពីចោរកម្ម ចោរគាស់តូបនោះឡើយ ស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ពាក់ព័ន្ធនឹងការចុះស្តារ កាយប្រព័ន្ធលូ និងធ្វើអនាម័យក្នុងផ្សារខាងលើនេះដែរ លោក គង់ ធែល បានអះអាងថា គណៈកម្មការផ្សារនឹងចុះសម្អាតអនាម័យបរិស្ថាន ក្នុង១ខែម្តង ដើម្បីឲ្យសាកសមជាផ្សារដែលសាលារាជធានីជ្រើសតាំង ជាផ្សារមានអនាម័យបរិស្ថានល្អប្រសើរ។
ជាមួយនឹងសកម្មភាពខាងលើនេះ ក្រុមអាជីវករអ្នកលក់ដូរក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលទិញទំនិញ នៅក្នុងផ្សារច្បារអំពៅ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង នៅពេលឃើញគណៈកម្មការផ្សារ នាំគ្នាចុះសម្អាតអនាម័យ លាងសម្អាតផ្សារ និងស្តារអណ្តូងលូមួយចំនួននៅជុំវិញផ្សារ។
សូមបញ្ជាក់ថា ចំពោះសកម្មភាពស្តារអណ្តូងលូ និងលាងសំម្អាតក្នុងបរិវេណផ្សារច្បារអំពៅខាងលើនេះ គឺគណៈកម្មការផ្សារបានសុំការយោគយល់ ពីអាជីវករក្នុងផ្សារទាំងអស់ ចំពោះការប៉ះពាល់ដល់ការលក់ដូររបស់ពួកគាត់ ដើម្បីងាយស្រួលដល់ក្រុមកម្មករ ធ្វើការបោសសម្អាត និងបាញ់ទឹកលាងក្នុងបរិវេណផ្សារទាំងមូល៕