(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានលើកឡើងថា ការប្រកួតជ្រើសរើស យោធិនល្អ-ឆ្នើមប្រចាំ២០១៦ នឹងធ្វើឡើងដោយប្រកាន់ខ្ជាប់ភាពត្រឹមត្រូវ-យុត្តិធម៌-សមត្ថភាព និងចំណេះដឹង និងមានការ ត្រួតពិនិត្យបានច្បាស់លាស់។
ការប្រកួតជ្រើសរើសយោធិនល្អ-ឆ្នើមប្រចាំ២០១៦ មានកងពល ចូលរួមពីយោធិនថ្មីចាស់ ចំនួន២៥ក្រុម ក្នុងមួយក្រុម មាន៥នាក់ ដែលនេះជាលើកទីមួយ ហើយដែលកងពលតូចលេខ៧០ បានប្រារព្ធកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើន ចំណេះដឹងទូទៅ ការគោរពវិន័យទ័ព និងពង្រឹងសមត្ថភាព របស់អង្គភាព កាន់តែប្រសើរថែមទៀត ព្រោះអ្វីប្រឡងគឺទាក់ទងនឹង នយោបាយ, យោធា, ភស្ដុភា,ហ្វឹកហ្វឺន និងសុខភាព។
ការប្រកួតប្រេជែងនេះ មានបីវិញ្ញាសារ រួមមាន របៀបដើរឆ្វេងបែបស្ដាំបែប ,ប្រកួតសំនួរចំលើយនិងរាំបែបទាហាន ហើយកម្មវិធីនេះ រៀបចំធ្វើរយៈពេល៣ថ្ងៃ។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្តឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧ យោធា និងយោធិន ត្រូវខិតខំប្រឹងប្រែងឲ្យក្លាយជា បុគ្គល្អឆ្នើម។ បើសិនជាក្លាយជាបុគ្គល្អឆ្នើមនឹងអាចទៅរៀននៅក្រៅប្រទេសបានបុគ្គលល្អជាទុនសម្រាប់កសាង នាយទាហានបន្តវេន ដោយជ្រើសរើសបុគ្គលជាប់លេខ ១ លេខ២ និងលេខ៣ ទៅរៀននៅក្នុង និងក្រៅប្រទេស ហើយក៏គ្មានបក្សគ្មានពួកឡើយ។ចំណែក នៅឆ្នាំ២០១៨ នឹងមានការហ្វឹកហាត់ បណ្តុះបណ្តាលនាយទាហាន ឲ្យក្លាយជាមេបញ្ជាការដ៏ឆ្នើមួយរូប មានចំនាញ និងមានចំណេះដឹងគ្រប់គ្រាន់។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងបែបនេះ ខណៈលោក ចូលរួមក្នុងពិធីបើក ការប្រកួតជ្រើសរើស យោធិនល្អ-ឆ្នើមប្រចាំ២០១៦ រៀបចំធ្វើ នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០១៧នេះ។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ឲ្យដឹងថា «ឆ្នាំនេះ ជាឆ្នាំដែលយើងឲ្យសំណួរ និងឲ្យចម្លើយ តែសម្រាប់ឆ្នាំក្រោយ យើងឲ្យសំណួរតែមិនឲ្យចម្លើយនោះទេ ដោយសារអី គឺដើម្បីឲ្យនាយទាហាន និងយោធិនរបស់យើងស្វែងរកចម្លើយ ដោយខ្លួនឯង បង្កើនសមត្ថភាពតាមរយៈការស្រាវជ្រាវឯកសារ បើសិនយើងដាក់សំណួរ ចម្លើយឲ្យពួកគាត់មិនបានទៅស្រាវជ្រាវនោះទេ និយាយពិត និយាយត្រង់កូនក្មេងយើងអានសៀវភៅមានចំនួនតិចតួចណាស់ យើងមើលបណ្តាប្រទេសនៅលើពិភពលោក កូនសិស្សនៅបណ្តាប្រទេសជឿនលឿនគេមានសមត្ថភាពសូម្បីគេទៅណា គេដើរកម្សារន្តក៏គេកាន់សៀវភៅទៅដែរ ហើយគេបើកសៀវភៅមើល តែសម្រាប់យើងកាន់ទូរស័ព្ទមើល Facebook មើល Youtue ស្តាប់បទចំរៀងនិងមើលរឿងផ្សេងៗ ហើយមិនបានមើលព័ត៌មានហើយមិនបានកត់ត្រានូវចំណេះដឹង។ដើម្បីបង្កើនចំណេះដឹងឲ្យយោធា យោធិនរបស់យើង ដើម្បីប្រែក្លាយទៅជានាយទាហានដែលជាអនាគតដ៏ភ្លឺស្វាង របស់កងយុទ្ធពលខេមរភូមិន្ទ គឺទាមទារសមត្ថភាព ទ័ពពិសេសសមត្ថភាពម៉េច? កងទ័ពថ្មើរជើងសមត្ថភាពម៉េច?»។
បន្ថែមពីលើនេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានក្រើនរំលឹកពាក់ព័ន្ធនឹងវិន័យ ទាក់ទងនឹងការចេញចូលរបស់ យោធិន នៅក្នុងបន្ទាយ សូមឲ្យផ្តល់រូបថតធ្វើប័ណ្ណចេញចូល មានភាពយឺតយ៉ាវ ត្រូវចាំថា កងយោធិពលខេមរភូមិន្ទ ជាកងទ័ព របស់រាជរដ្ឋាភិបាល។ ដូចនេះ ដើម្បីធ្វើជម្រើសកម្មរបស់កងយុទ្ធពលខេមរភូមិន្ទ ទី១ ធនធានមនុស្ស ទី២ វិន័យកងទ័ព ទី៣ សំភារៈបរិក្ខារប្រើប្រាស់ ទាំង៣ចំណុចនេះ ត្រូវដើរជាមួយគ្នា ហើយកងទ័ពត្រូវមានវិន័យ ដើម្បីពង្រឹងសមត្ថភាពកងទ័ព។
គួរបញ្ជាក់ថា ក្នុងការប្រកួតជ្រើសរើសយោធិនល្អ-ឆ្នើមប្រចាំ២០១៦ ចំពោះជ័យលាភីលេខ១ ទទួលបានរង្វាន់ម៉ូតូ (រង្វាន់ម៉ូតូមាន១០គ្រឿង) រង្វាន់លេខ២ ទទួលបានទូរទស្សន៍ Samsung ចំនួន ២០គ្រឿង និងលេខ៣ ទទួលបានទូរស័ព្ទដៃ ៣០គ្រឿង និងក្រៅពីនោះ គឺជារង្វាន់លើកទឹកចិត្តមួយចំនួនធំទៀត៕