(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាលដីកា ចំពោះករណី លោក សម រង្ស៊ី បរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន ថាប្រើប្រាស់ និងទិញ Facebook Like ក្លែងក្លាយនោះ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។
សវនាការនៅសាលាឧទ្ធរណ៍នារសៀលនេះ បានបិទបញ្ចប់នៅម៉ោងប្រមាណ៣៖៣០នាទីរសៀល ក្នុងនោះមាន លោក សំរិទ្ធ សុផល ជាប្រធានអង្គជំនុំជម្រះ ហើយក៏មានការចូលរួមពី លោក សំ សុគង់ មេធាវីរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។ នៅក្នុងសវនាការនេះ តំណាងមហាអយ្យការ និង ដើមបណ្ដឹង លោក សោម សឿន បានស្នើឱ្យសាលាឧទ្ធរណ៍ តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ឱ្យនៅដដែល ខណៈដែល មេធាវីរបស់ លោក សម រង្ស៊ី គឺលោកសំ សុគង់ បានស្នើសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់នេះ។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។
ក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់ លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬ ជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិត ក្លែងបន្លំជូនសម្ដេច។
ក្នុងពាក្យបណ្ដឹង បានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងលោក សោម សឿន យ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមសំណុំរឿងនេះ ដោយពិន័យប្រាក់ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ចំនួន១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅជនរងគ្រោះ១៥លានរៀល ដល់លោក សោម សឿន ដែលជាម្ចាស់បណ្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈថា លោក សោម សឿន ជាអ្នករៀបចំចាត់ចែកឱ្យមន្រ្តីរាជការ បង្កើតគណនី Facebook ក្លែងក្លាយ ដើម្បី Like ក្លែងក្លាយ នៅលើទំព័រ Facebook សម្តេចតេជោ ប៉ុន្តែសាលក្រមនេះ ត្រូវបានមេធាវីរបស់ លោក សម រង្ស៊ី ដាក់ពាក្យប្តឹងជំទាស់៕