(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនរូប ដែលបានមកពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ បានសម្ដែងនូវអារម្មណ៍ត្រេតអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក គ្រូពេទ្យ និងមន្ទីរពេទ្យដែលបានរៀបចំពិនិត្យ ព្យាលបាល និងផ្ដល់ថ្នាំសង្កូវ ជូនដល់អ្នកជំងឺទឹកនោមផ្អែម ដោយឥតគិតថ្លៃ។
ការពិនិត្យ ព្យាលបាល និងផ្ដល់ថ្នាំសង្កូវដល់អ្នកជំងឺទឹកនោមផ្អែមនេះ ធ្វើឡើងនៅក្នុងកម្មវិធីសប្បុរធម៌ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។
លោក ឡាយ ធី ប្រជាពលរដ្ឋរស់ នៅទីក្រុងកោះពេជ្រ ដែលបានមកពិនិត្យជំងឺទឹកនោមផ្អែម បានថ្លែងឲ្យដឹងថា «ខ្ញុំបានទទួលដំណឹងពីការពិនិត្យ ព្យាបាលនេះ វាស្របពេលដែលខ្ញុំ កំពុងកើតជំងឺនេះ អស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយបំផុត ដោយបានចូលរួមក្នុងការពិនិត្យ ពិគ្រោះស្ថានភាពជំងឺ ក្នុងការជំរុញព្យាបាលឲ្យបានទាន់ពេលវេលា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់មន្ទីពេទ្យជោរៃភ្នំពេញ» ។
លោក ឡាយ ធី បន្តថា កម្មវិធីសប្បុរសធម៌ដែលបានបង្កើតឡើង ដោយមន្ទីរពេទ្យជោរ៉ៃភ្នំពេញ សហការជាមួយមន្ទីរពេទ្យជោរ៉ៃវៀតណាមនេះ គឺជាកម្មវិធីមួយបានចូលរួមចំណែក យ៉ាងសំខាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ផ្នែកវិស័យសុខាភិបាល នៅកម្ពុជាខណៈដែលប្រជាពលរដ្ឋយើងកំពុងជួបនូវផ្នែកអាការរោគរបៀបនេះ។
ពាក់ព័ន្ធនឹងការពិនិត្យពិគ្រោះ ព្យាបាលជំងឺ ផ្នែកទឹកនោមផ្អែមនេះ លោកវេជ្ជបណ្ឌិត លឹម វាន់ហ័ង ឯកទេសទឹកនោមផ្អែម និងអ័រមូន បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយលើសជាតិស្ករ ក្នុងឈាមខុសពីប្រក្រតី ដោយធ្វើឲ្យមាន ការបម្រែបម្រួល នៅក្នុងអវយវៈរបស់យើង ដូចជាការបង្ករផលវិបាកប៉ះពាល់ ទៅលើតម្រងនោម ផ្នែកសរសៃឈាម បេះដូង និងសរសៃឈាមខួរក្បាលជាដើម ដែលជាហេតុឲ្យអ្នកជំងឺត្រូវពិនិត្យ ព្យាបាល និងការថែទាំឲ្យបានជាប់លាប់ ជាពិសេសនៅពេលដែលមានអាការៈខុសពីធម្មតា ត្រូវមកពិនិត្យជាបន្ទាប់ ដើម្បីទទួលបានវេជ្ជបញ្ជាថ្មីៗពីគ្រូពេទ្យ»។
លោកវេជ្ជបណ្ឌិត បានបន្ដថា ទាក់ទិននឹងអត្រារោគទឹកនោមផ្អែម បច្ចុប្បន្នអត្រាអ្នកកើតជំងឺនេះ នៅក្នុងប្រទេសវៀតណាម មានប្រមាណ៥,៣ភាគរយ នៃអ្នកកើតរោគទឹកនាមផ្អែមនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងនោះបើធ្វើការប្រៀបធៀប ក្នុងអាស៊ី អត្រាអ្នកកើតជំងឺទឹកនោមផ្អែម ច្រើនជួបប្រទះនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ។
លោកបន្ថែមថា «ចំណែកពាក់ព័ន្ធអ្នកកើត ជំងឺទឹកនោមផ្អែមក្នុងប្រទេសកម្ពុជាវិញ គឺប្រជាជនកម្ពុជាមានការយល់ដឹងជាច្រើន ក្នុងការតាមដាន ការការហូបចុក និងការលេបថ្នាំតាមវេជ្ជបញ្ជាបានត្រឹមត្រូវ ប៉ុន្តែប្រជាពលរដ្ឋនៅជនបទមួយចំនួនធំ គឺពួកគេពុំទាន់មានការយល់ដឹង បានច្បាស់លាស់នៅឡើយ ដែលជាការតម្រូវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យពួកគេទទួលបាន ព័ត៌មានលើផ្នែកជំងឺទឹកនោមផ្អែមនេះ» ។
សូមបញ្ជាក់ថា កម្មវិធីសប្បុរធម៌ពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែមដោយឥតគិតថ្លៃនេះ គឺបានសហការគ្នារវាងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ ក្រុមហ៊ុនឱសថ DHG PHARMA និងមន្ទីរពេទ្យជោរ៉ៃប្រទេសវៀតណាម ដោយពិនិត្យ និងព្យាបាល អ្នកជំងឺ៥០នាក់ដំបូងដែលបានមកចុះឈ្មោះនៅក្នុងថ្ងៃនេះ ៕