(ភ្នំពេញ)៖ សំណុំរឿងបុរសស្បែកខ្មៅ សញ្ជាតិនីហ្សេរីយ៉ា៦នាក់ និងខ្មែរម្នាក់ ឃុបឃិតលួចលេខកូដសម្ងាត់របស់ធនាគារមួយចំនួន លួចដកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្ត ត្រូវបានចៅក្រមសាលាដំបូងលើកយកមកបើកសវនាការបន្តសួរដេញដោល លើជនជាប់ចោទទាំង៧នាក់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ តែមិនទាន់បញ្ចប់នៅឡើយទេ ហើយនឹងបន្ដនៅព្រឹកស្អែកទៀត។
ក្នុងសវនាការនៅព្រឹកថ្ងៃទី១៧ ខែមករានេះ ពួកជនជាប់ មិនឆ្លើយសារភាពពីការលួច ឬរបៀបលួចលេខកូដសម្ងាត់របស់ធនាគារទេ ដោយពួកគេម្នាក់ៗ បានអះអាងថា ពួកគេសុទ្ធតែជាកីឡាកបាល់ទាត់ ដែលមកហ្វឹកហាត់ប៉ុណ្ណោះ ហើយអ្នកខ្លះថា មករស់ប្រទេសកម្ពុជាដើម្បីរងចាំចាកចេញ ទៅរស់នៅប្រទេសអូស្ត្រាលី ព្រោះនៅកម្ពុជាមានស្ថានទូតអូស្ត្រាលីនៅភ្នំពេញ។ ចំណែកអ្នកខ្លះទៀតឆ្លើយថា ខ្លួនគេមានភរិយាជានារីខ្មែរ មានមុខរបរលក់នាឡិកា និងលក់សម្លៀកបំពាក់ជាដើម។
យ៉ាងណាមិញ សវនាការនេះតុលាការ នៅមិនទាន់បានបង្ហាញទិន្ន័យ លុយកាក់របស់ធនាគារណាខ្លះ ដែលត្រូវបាត់បង់ដោយសារការលួចតាមរយៈលេខកូដសម្ងាត់ របស់ធនាគារនៅឡើយ ដោយរងចាំដល់ថ្ងៃទី១៨ ខែមករាស្អែកនេះ ក្រោយពីបញ្ចប់ការសួរដេញដោល លើជនជាប់ទាំង៧នាក់សិន។
សូមបញ្ជាក់ថា រឿងក្ដីនេះ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានបើកសវនាការជំនុំជម្រះម្ដងរួចហើយ ពីអំពើលួចលេខសម្ងាត់ប័ណ្ណ ឥណទានតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែការសាកសួរជនជាប់ មានរយៈពេលខ្លីពេក តុលាការក៏លើកពេលបន្តមកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
ជនជាប់ចោទទាំង៧នាក់ ដែលតុលាការកាត់ទោសនេះ ទី១៖ឈ្មោះ ODEBUNMI OLASUNKANMIFRANK អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ ADEMILUYI GBENGA ADEGOKE អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ TAIWO TEMITOPE OLAKUNLE អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ NJOKU DAVID អាយុ២៧ឆ្នាំ, ទី៥៖ឈ្មោះ ODEBUNMI OLUWANIFISE OLUWASESAN អាយុ៤៤ឆ្នាំ, ទី៦៖ឈ្មោះ ABODUNRINSEYI ABODUNDE អាយុ៣៩ឆ្នាំ និងទី៧៖ឈ្មោះ អ៊ីង វណ្ណៈ អាយុ២៩ឆ្នាំ។
សូមបញ្ជាក់ថា ពួកជនជាប់ចោទស្បែកខ្មៅទាំង៦នាក់ មានអ្នកខ្លះបានមករស់នៅប្រទេសកម្ពុជាយ៉ាងតិច៤ឆ្នាំ រហូតដល់៨ឆ្នាំ និងមានជួលផ្ទះស្នាក់នៅ បើកមុខរបររកស៊ីលក់នាឡិកា ហាងកាត់សក់ និងការកម្ម៉ង់ទំនិញមកពីអូស្ត្រាលីជាដើម ប៉ុន្តែអាជ្ញាធរខ្មែរសង្ស័យថា មុខរបរពួកគេ គ្រាន់តែជាការបិតបាំងអំពើទុច្ចរិត នៃការលួចដកប្រាក់ពីធនាគារ តាមរយៈការប្រើប្រាសលេខកូដសម្ងាត់តែប៉ុណ្ណោះ៕