(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយអាជ្ញារមានសមត្ថកិច្ចខេត្ត Gunma ប្រទេសជប៉ុន បានជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍ដល់ស្រ្តីខ្មែរ ចំនួន៧នាក់ ដែលរងគ្រោះដោយការជួញដូរផ្លូវភេទ ក្រោយពីមានការផ្តល់ព័ត៌មានផ្ទាល់ពីស្រ្តីរងគ្រោះ ទៅកាន់ទំព័រហ្វេសប៊ុករបស់ស្ថានទូត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្រ្តីរងគ្រោះទាំង៧នាក់ មាន២នាក់មកពីភ្នំពេញ ២នាក់មកពីខេត្តព្រៃវែង ម្នាក់មកពីខេត្តពោធិ៍សាត់ ម្នាក់មកពីខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមកពីខេត្តតាកែវ ត្រូវបានមេខ្យល់បោក បញ្ឆោតនាំទៅដល់ ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការរៀបចំ ឯកសារសុំទិដ្ឋាការ និងសំបុត្រយន្តហោះ ពីបុរសជនជាតិជប៉ុនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងខេត្ត Gunma។
ដោយបានចេញបោកបុរសម្នាក់ បានសន្យាផ្តល់ការងារធ្វើនៅភោជនីយដ្ឋានរបស់ខ្លួន ដល់ស្រ្តីរងគ្រោះជាមួយនឹងប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញ បានគំរាមកំហែង និងបង្ខំឲ្យស្រ្តីរងគ្រោះ បំរើសេវាផ្លូវភេទដល់ភ្ញៀវនៅភោជនីយដ្ឋានទៅវិញ និងមិនបានផ្តល់ប្រាក់បៀវត្សឡើយ។ ភ្លាមៗបន្ទាប់ពីទទួលបានសំណើពីសាម៉ីខ្លួន ស្ថានទូតបានអន្តរាគមន៍ជួយស្រ្តីរងគ្រោះ ទាំង៧នាក់ និងនាំពួកគេទៅស្នាក់នៅស្ថានទូតជាបណ្តោះអាសន្នដោយផ្តល់អាហារបរិភោគ សេវាថែទាំសុខភាព និង សម្ភារៈប្រើប្រាស់ចាំបាច់ដទៃទៀតផងដែរ។
ក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ស្ថានទូតក៏បានបំពេញកិច្ចការមួយចំនួនទៀត ដើម្បីការពារប្រយោជន៍ដល់ស្រ្តីរងគ្រោះដូចជា៖ សហការ ជាមួយនគរបាលខេត្ត Gunma សាកសួរព័ត៌មានពីស្រ្តីរងគ្រោះ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ និងស្វែងរកជនសង្ស័យ និងអ្នកពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់។ ស្វែងរកក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីប្តឹងទៅតុលាការ ជួយទាមទារប្រាក់ខែដែលជនសង្ស័យ សន្យាផ្តល់ឲ្យ និងទាមទារ ប្រាក់ជំងឺចិត្តជូនស្រ្តីរងគ្រោះ។
ស្ថានទូតកម្ពុជា ក៏បានស្នើសុំឲ្យអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) ជួយដោះស្រាយសំបុត្រយន្តហោះ ជូនស្រ្តីរងគ្រោះទាំង៧នាក់ និងបន្តគាំពារពួកគេពេលមកត្រឡប់មកដល់កម្ពុជាវិញ។ IOM បានឯកភាពតាមសំណូមពររបស់ស្ថានទូតផងដែរ។
សូមជម្រាបថា ដោយសារបញ្ហាសុខភាព ស្រ្តីរងគ្រោះម្នាក់ បានស្នើសុំត្រឡប់មកកម្ពុជាមុន ហើយបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៩៖៣៥នាទី។ ដោយឡែក ស្រ្តីរងគ្រោះ៦នាក់ផ្សេងទៀត នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៩៖៣៥នាទី ក្រោយបញ្ចប់ការសាកសួរពីសំណាក់អាជ្ញាធរខេត្ត Gunma មន្រ្តីអន្តោប្រវេសន៍ ក្រុមមេធាវី និងមន្រ្តីអង្គការ IOM៕