(ព្រះវិហារ)៖ លោក គីម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារចំនួន៧រូប អាជ្ញាធរជាតិអប្សរា១រូប រួមជាមួយអ្នកជំនាញការអន្តរជាតិ៣រូប និងតំណាង UNESCO ១រូប ទៅចូលរួមប្រជុំ បច្ចេកទេសពិសេសជាមួយអ្នកជំនាញការចិន ដើម្បីពិភាក្សាលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ នៅខេត្តហៃណាន់។
កិច្ចប្រជុំរបស់ប្រតិភូកម្ពុជាទៅកាន់ប្រទេសចិន ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ភាគីចិន ដែលជាសហប្រធាន នៃគណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីព្រះវិហារ (ICC-PV)។
កិច្ចប្រជុំខាងកលើនេះ ផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤៖
ទី១៖ ការអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ
ទី២៖ ការប្រើប្រាស់បច្ចេកវិជ្ជា Remote Sensing ដើម្បីជួយតាមដានការបម្រែបម្រួលបរិស្ថានក្នុងតំបន់ព្រះវិហារ
ទី៣៖ គម្រោងអភិវឌ្ឍន៍សហគមន៍ និងតួនាទីរបស់សារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងដំណើរការអភិរក្ស និងការជួសជុលប្រាសាទព្រះវិហារ
ទី៤៖ ការផ្សាភ្ជាប់រវាងប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ។
ក្រោយប្រជុំពិភាក្សារួចរាល់ ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំ បានសម្រេចទទួលយកធម្មនុញ្ញអង្គរ ជាក្រមប្រតិបត្តិសម្រាប់កិច្ចការ អភិរក្ស និងការជួសជុលប្រាសាទព្រះវិហារវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ភាគីចិន ក្នុងការអភិរក្សនិងការជួសជុលគោបុរៈ ទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ, ជំរុញឱ្យភាគីចិន ធ្វើការសិក្សាគម្រោងឱ្យបានឆាប់ និងប្រកបដោយការវិភាគ យ៉ាងល្អិតល្អន់ តាមលក្ខណៈបច្ចេកទេស, ក្រុមអ្នកជំនាញការជាតិកម្ពុជានិងអន្តរជាតិ នឹងចូលរួមសហការផ្ដល់យោបល់ ចំពោះការវិភាគបច្ចេកទេសនានា ជាមួយអ្នកជំនាញការចិន នៅក្នុងដំណើរការនៃការជួសជុល។
គួរំលឹកថា គណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ព្រះវិហារ ត្រូវបានរៀបចំនិងបង្កើតឡើង ក្រោមកិច្ចខិតខំប្រឹងប្រែង របស់លោក បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីឆ្នាំ២០១៤ ដោយមានប្រទេសចិន និងឥណ្ឌាជាសហប្រធាន និងមានប្រទេសជាសមាជិកចំនួន៧ផ្សេងទៀត ហើយបានជួបប្រជុំចំនួន ៤លើករួចមកហើយ៕