(រតនគិរី)៖ សាលាខេត្តរតនគិរី បានដាក់ចេញទិសដៅអាទិភាពចំនួន ៩ចំណុច សម្រាប់អនុវត្តន៍ក្នុងផែនការអភិវឌ្ឍន៍នាឆ្នាំ២០១៧នេះ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។
ផែនការអាទិភាពទាំង ៩ចំណុចនេះ ត្រូវបានប្រកាសដាក់ចេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីបិទសន្និបាតការងាររបស់ខេត្ត រនតគិរី។ ពិធីនេះធ្វើឡើងក្រោមអធិបភាពលោក អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង មានការអញ្ជើញចូលរួមផងដែរពីអភិបាលរតនគិរី លោក ថង សាវុន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការក្នុងខេត្តជាច្រើនរូបទៀត។
ទិសដៅការងារសម្រាប់ការអភិវឌ្ឍទាំង ៩ចំណុចនោះរួមមាន៖
១. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវពង្រឹងលើការងារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋានឲ្យបានល្អ ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភា ព(គ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ។
២. មន្ទីរ អង្គភាពជំនាញថ្នាក់ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវបន្តសហការគ្នាឲ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងព្រៃឈើ និងទប់ស្កាត់ការកាប់រានព្រៃឈើ រានយកដីរដ្ឋ និងការជីករ៉ែខុសច្បាប់ ។
៣. ពង្រឹងវិស័យទេសចរណ៍ និងពង្រីកការអភិវឌ្ឍ ការរៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិបន្ថែមទៀត និងបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកាន់តែខ្ពស់ ។
៤. វិស័យកសិកម្ម ត្រូវយកចិត្តទុកដាក់លើការកែប្រែរបៀបរបបរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ជាពិសេសត្រូវបង្រៀន និងផ្តល់លក្ខណៈបច្ចេកទេសថ្មីៗដល់ប្រជាកសិករអំពីរបៀបធ្វើស្រែចំការ ការចិញ្ចឹមសត្វ ការដាំដំណាំ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ។
៥. វិស័យសាធារណការ និងអភិវឌ្ឍន៍ជនបទ ត្រូវពង្រីកការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត លើការសាងសង់ជួសជុលផ្លូវ ថ្នល់ ស្ពាន លូ និងត្រូវយកចិត្តទុកដាក់ថែទាំ ។ ជាពិសេសត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។
៦. រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពទាំងអស់ ត្រូវពង្រឹងលើការគ្រប់គ្រងមន្ត្រីរាជការឲ្យបានល្អ ព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញតួនាទី និងភារកិច្ចនៅក្នុងការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៧. ពង្រឹង និងមានវិធានការចំពោះការសាងសង់សំណង់នៅលើដីចំណីផ្លូវសាធារណៈ និងរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅក្នុងសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យមានសោភណ្ឌភាពល្អ។
៨. មេឃុំ ចៅសង្កាត់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹង និងជំរុញការងារ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណប័ណ្ណឲ្យបានល្អ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃអត្រានុកូលដ្ឋគ្រប់ប្រភេទ ការលើកលែងសេវារបស់រាជរដ្ឋាភិបាលកម្ពុជា ។
៩. មេឃុំ ចៅសង្កាត់ និងអភិបាលក្រុង ស្រុក ត្រូវពង្រឹងការគ្រប់គ្រង និងអនុវត្តគម្រោងមូនិធិឃុំ សង្កាត់ ឲ្យបានត្រឹមត្រូវ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំស្តីពីការអនុវត្តគម្រោងមូនិធិឃុំ សង្កាត់ របស់ គជប និងត្រូវសហការឲ្យបានល្អជាមួយមន្ទីរ អង្គភាពជំនាញដែលពាក់ព័ន្ធ៕