(បន្ទាយមានជ័យ)៖ ក្រុមការងារCPP ខេត្តបន្ទាយមានជ័យ ផ្តល់ចំណងដៃជូនប្រជាពលរដ្ឋ៣ភូមិ ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលរួមមានផ្លូវថ្នល់ និងអគារសិក្សា សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានចូលរួមបើកបើកការដ្ឋានសាងសង់សមិទ្ធផល និងក្រុមការងារCPP តែងចុះមូលដ្ឋាននេះ ហើយបានការជួសជុលផ្លូវក្រាលគ្រួស ប្រវែង៣,០០០ម៉ែត្រ និងជួសជុលអាគារសាលារៀន១ខ្នង ដែលធ្វើពីឈើដែលចាស់ទ្រុឌទ្រោម ខូចខាតមកជាធ្វើ បេតុងប្រក់ស័ង្កសីវិញ។
លោក ស្រី ហឿង ចៅសង្កាត់ម្កាក់ បាននិយាយថា ភូមិទាំងបី គឺភូមិឈូក ភូមិបែកចាន និងភូមិគោកលាប ធ្លាប់ជាសមរភូមិប្រយុទ្ធក្ដៅគគុកជាយទីរួមខេត្ត កាលពីសម័យសង្គ្រាមស៊ីវិល នៅទសវត្សរ៍ទី៩០ តែអ្នកភូមិ និងកម្លាំងការពារ បានទ្រោលសភាពការរហូតភូមិនេះ ក៏ដូចជាទូទាំងប្រទេស បានបញ្ចប់សង្គ្រាម ហើយទទួលសន្តិភាព និងកសាងសមិទ្ធផលជាច្រើនឡើងវិញ ដូចជា សាលារៀន មណ្ឌលសុខភាព ផ្លូវលំ ផ្លូវក្រាលគ្រួស ទំនប់ប្រឡាយ អាងទឹក និងផ្លូវជាតិ ជាបន្តបន្ទាប់ឥតឈប់ឈរ។
ជាក់ស្ដែងនាបច្ចុប្បន្នថ្ងៃនេះ នៅមូលដ្ឋាននេះ ទទួលបានការជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលតភ្ជាប់ផ្លូវជាតិលេខ៥៦ ទៅភូមិទាំង៣ និងជួសជុលអគារសាលារៀន ១ខ្នងស្មើ៥បន្ទប់ ដែលជាអំណោយរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ពលរដ្ឋ បានថ្លែងអំណរគុណ និងដឹងគុណចំពោះ ថ្នាក់ដឹកនាំ និងក្រុមការងារCPP ហើយប្តេជ្ញាតបស្នង ដោយការបោះឆ្នោតជូនគណបក្សវិញ ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងជ្រើសរើសអ្នកតំណាងរាស្ត្រនាពេលខាងមុខ៕