(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាង១ពាន់នាក់ ស្ថិតនៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ បន្ទាប់ពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១២៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំតាឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃចំនួន១៣៩៥នាក់ ក្នុងនោះស្រ្តីមានចំនួនប្រមាណ៩០០នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក សាត សុទ្ធ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និងអ្នកភូមិជាច្រើន បានឮដំណឹងថា មានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយខ្ញុំមានសេចក្ដីត្រេកអរចំពោះឯកឧត្តម ដែលបានចុះជួយប្រជាពលរដ្ឋទាំងភូមិ ទាំងឃុំ ខ្ញុំនិងអ្នកភូមិសូមជូនពរសូមឲ្យឯកឧត្តម និងគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចំរើនតរៀងទៅ»។
លោកបានថ្លែងបន្ដទៀតថា ការចុះមកពិនិត្យព្យាបាលនេះ មិនអស់ថវិការនោះឡើយ ដែលជាសកម្មភាពមនុស្សធម៌ ដ៏ល្អខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ និងផ្ដល់ផលប្រយោជន៍ច្រើនណាស់ រួមមានការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត។
ប្រជាពលរដ្ឋម្នាក់ទៀត លោកស្រី សុភាព ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការចុះមកជួយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍រីករាយ និងត្រេតអរជាពនពេក ព្រោះថាប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា ហើយសូមស្នើសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋឲ្យបានជាញឹកញាប់។ ប្រជាពលរដ្ឋក្នុងភូមិឃុំទាំងអស់សូមធ្វើការថ្លែងអំណរគុណ និងជូនពរឲ្យសម្ដេចតេជោ ហ៊ុន សែន, លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ជួបប្រទះតែសេចក្ដីសុខ គ្រប់ពេលវេលា។
សូមជម្រាបថា ក្នុងពេល៤៩ខែ ឈានចូលឆ្នាំទី៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន១៥២១នាក់ បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន៦១លើក ក្នុងខេត្តចំនួន១៣ គិតចាប់ពីខែឆ្នូ ឆ្នាំ២០១២ រហូតថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានចំនួនសរុប៦៦៧៧២នាក់ នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕