(ភ្នំពេញ)៖ អ្នកឧកញ៉ា ពង់ ឃាវសែ ដែលទើបតែត្រូវទទួលបាន តំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី បានថ្លែងនូវការប្តេជ្ញាចិត្ត អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងស្រូបយកពាណិជ្ជករបទេស មកធ្វើការបណ្តាក់ទុក នៅកម្ពុជាឲ្យបានកាន់តែច្រើន។
ការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា ពង់ ឃាវសែ ធ្វើឡើងក្នុងពីធីផ្ទេរតំណែងប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជា អាណត្តិទី៥ ដោយលោក ត្រូវបានតែងតាំង ជាប្រធានថ្មី ជំនួសលោកឧកញ៉ា ឌួង ឈីវ ដែលត្រូវចូលនិវត្តន៍ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
អ្នកឧកញ៉ា ពង់ ឃាវសែ បានលើកឡើងថា «ច្រើនឆ្នាំមកនេះ សមាគមខ្មែរ-ចិននៅកម្ពុជា តែងតែអនុវត្តយ៉ាងសកម្ម នៅគោលនយោបាយ របស់រាជរដ្ឋាភិបាលចំពោះមុខនេះ ខ្លឹមសារការងាររបស់យើង ក៏ត្រូវសមស្របនឹងគោលនយោបាយ ដែលកំពុងអនុវត្តនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ខឹតខំប្រឹងប្រែជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងស្រូបយកពាណិជ្ជកម្មករបរទេស មកធ្វើការការបណ្ដាក់ទុន»។
អ្នកឧកញ៉ា ពង់ ឃាវសែ បានថ្លែងទៀតថា កន្លងមកជនជាតិចិន ដែលមានដើមកំណើតនៅកម្ពុជា សុទ្ធតែមានការឈ្លាសវៃ ក្នុងមុខជំនាញ និងមានបទពិសោធន៍បរិបូណ៍ គឺមានបណ្ដាញទាក់ទងជាមួយប្រជាជនក្នុងស្រុក និងមានប្រភពធនធានបំរុង យ៉ាងសំបូរបែប ក្ដាប់បាននៅក្នុងដៃ នូវគោលនយោបាយទីផ្សារ តម្រូវការ និងបរិស្ថានវិនិយោគរបស់កម្ពុជា ប៉ុន្តែដោយសារខ្វះខាតដើមទុនបច្ចេកទេស និងធនធានមនុស្សទំនើបភាវបនីយកម្ម ទើបធ្វើឲ្យមានការព្រួយបារម្ភ ចំពោះការលេចឡើងនូវការអភិវឌ្ឍន៍ ស្ថិតនៅភាពយឺតយ៉ាវ ក្នុងកំរិតណាមួយ និងមានកំលាំងបំរុងមិនគ្រប់គ្រាន់។
ប្រធានសមាគមថ្មីរូបនេះ បានថ្លែងទៀតថា ចំពោះជនជាតិចិន ដែលទើបមកដល់កម្ពុជា គេមានចំណេះដឹងបរិបូរណ៍ និងបច្ចេកទេសទំនើប មានដើមទុនក្រាសក្រែល មានគំនិតបង្កើតថ្មី ដ៏មានប្រៀបយ៉ាងលេចធ្លោ ប៉ុន្តែដោយសារពួកគេមិនទាន់ បានយល់ដឹងច្បាស់អំពីបរិស្ថាន វិនិយោគ នៅក្នុងស្រុកខ្មែរនៃប្រទេសកម្ពុជា ទាំងគោលនយោបាយ ព្រមទាំងមិនទាន់មានទំនាក់ទំនង ជាមួយបណ្ដាញប្រជាជនស្រុក ហេតុនេះការកសាងអាជីវកម្ម ក៏មានអត្រាជោគជ័យមិនខ្ពស់ដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ពុង ឃាវសែ ដែលប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC ផងដែរនោះ បានលើកឡើងទៀតថា សមាគមខ្មែរ-ចិន នឹងបង្កើតអង្គភាពពីរបន្ថែមទៀត គឺ «ការិយាល័យជំរុញពាណិជ្ជកម្ម» និង «ការិយាល័យពិគ្រោះផ្នែកច្បាប់» ដើម្បីកាន់តែងាយស្រួល ក្នុងការផ្ដល់ព័ត៌មានថ្មី បំផុតជូនជនជាតិចិននៅកម្ពុជា ចំពោះការវិនិយោគទុនពាណិជ្ជកម្ម និងឲ្យមានឱកាសសហការគ្នា ជាការទាញខ្សែសង់ស្ពានសំរាប់ ជនជាតិចិននៅកម្ពុជា និងផ្ដល់នូវសេវាកម្មពិគ្រោះផ្នែកគោលនយោបាយ និងច្បាប់បញ្ញត្តិនានា។
អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ទៀតថា សមាគមខ្មែរ-ចិន នៅកម្ពុជា នឹងពង្រីកទ្រង់ទ្រាយរបស់សមាគម ដោយស្រូបយកយុវជន ឲ្យចូលជាសមាជិកឲ្យបានកាន់តែច្រើនថែមទៀត។
អ្នកឧកញ៉ា ពុង ឃាវសែ បានបន្តថា សមាគមខ្មែរ-ចិន នៅកម្ពុជា នឹងបន្តការផ្សព្វផ្សាយប្រពៃណីល្អគឺ «ជនជាតិចិននៅក្រោយមេយ ជាបងប្អូនក្នុងគ្រួសារតែមួយ» សកម្មក្នុងការធ្វើការ ទំនាក់ទនងជាមួយសហគមន៍ចិន ជនជាតិចិននៅគ្រប់ទីលើពិភពលោកស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះសមាគមចិន ជនជាតិចិនដែលមកធ្វើ ទស្សនកិច្ចនៅកម្ពុជា សកម្មចូលរួមជាមួយ សហគមន៍និងជាជនជាតិចិន ក្នុងរួមគ្នាអភិវឌ្ឍន៍ដើម្បីឈានឡើង។
សូមបញ្ជាក់ថា សមាគមខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ គឺជាសមាគមស្របច្បាប់ដែលបង្កើតឡើង ដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា ៕