(រតនគិរី)៖ លោក អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវពង្រឹង ការងារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋានទាំងអស់ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-មាន សុវត្ថិភាពឲ្យបានល្អប្រសើរ។
លោក អ៊ុំ ម៉ារ៉ា បន្ថែមឲ្យដឹងថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្រូវធ្វើការផ្លាស់ប្តូរឥរិយាបទ ពីអ្នកដឹកនាំឲ្យ ទៅជា អ្នកបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងតម្លាភាពដើម្បីឆ្លើយតបទៅនិងកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ។
លោក អ៊ុំ ម៉ារ៉ា បានថ្លែងបែបនេះ នៅក្នុងពិធីបិទ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ សម្រាប់អនុវត្តបន្ត ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះដែរ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានធ្វើរបាយការណ៍បូកសរុបលទ្ធផលដែលប្រព្រឹត្ត ទៅរយៈពេលមួយថ្ងៃកន្លះ ដោយ របាយការណ៍បង្ហាញពីលទ្ធផលការងារមន្ទីរ អង្គភាពជុំវិញខេត្តមានការរីកចម្រើនគួរឲ្យកត់សំគាល់។
ដោយឡែក ការងារសណ្តាប់ធ្នាប់សាធារណៈសម្រេចបានឈរលើកិច្ចសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធលើការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការចរាចរណ៍និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កិច្ចការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ តាមខ្សែបណ្តោយព្រំដែន ដោយបានសហការណ៍ជាមួយប្រទេសជិតខាង ការរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុង ទីប្រជុំជនមានការអភិវឌ្ឍន៍ច្រើន និងមានសោភ័ណ្ឌភាពល្អប្រសើរជាងមុន ការផ្សព្វផ្សាយ អប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋបានច្រើន។
លោក ថង សាវុន បន្តថាលទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៦កន្លងមកនេះពិតជាមោទនភាព និងជាស្នាដៃ ដ៍ត្រចះ ត្រចង់ របស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទព្រមទាំងមានការចូលរួមពី ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍នានានិងផ្នែកឯកជនផងដែរ។
បន្ថែមពីលើនេះ លោក អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរចំពោះភាពរីកចំរើននៅក្នុងខេត្ត ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចំរើន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំផងដែរ៕