(ភ្នំពេញ)៖ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំនៅកម្ពុជា បានប្រកាសជំហរបន្តរក្សាទំនាក់ទំនងល្អជាមួយ កម្ពុជា ជាមួយការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «បើទោះបីសភាពការនៅលើសកលលោក មានការប្រែប្រួលយ៉ាងណាក្ដី ប៉ុន្ដែទំនាក់ទំនងកម្ពុជា និងកូរ៉េខាងជើង មិនមានការប្រែប្រួលទៅតាមសភាពការសកលលោកនោះទេ»។
លោក Jang Yun Gon ថ្លែងដូច្នេះក្នុងពេលដែលរូបលោកត្រូវបានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះនៅទីស្តីការក្រសួងការបរទេស។
លោកឯកអគ្គរដ្ឋទូត Jang Yun Gon បានបញ្ជាក់ថា បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំរបស់កូរ៉េខាងជើង គឺបន្ដថែរក្សា និងពង្រីងទំនាក់ទំនងជាមួយកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៅក្រោយជំនួប។
បើតាមលោក ជុំ សុន្ទរី ក្នុងជំនួបនោះ លោក Jang Yun Gon បានប្តេជ្ញាថា ក្នុងពេលបំពេញការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា នឹងខិតខំប្រឹងប្រែងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរ។
បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូត បានជម្រាបពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការប្រកាន់ខ្ជាប់នូវការបង្រួបបង្រួមកូរ៉េទាំង២ ដោយសន្ដិវិធី ហើយសព្វថ្ងៃនេះថ្នាក់ដឹកនាំកូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាដោយផ្ទាល់ជាមួយកូរ៉េខាងត្បូង លើការបង្រួបបង្រួមនេះ។
ជាការឆ្លើយតបលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងខ្លួនឯងផ្ទាល់ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវឌ្ឍន៍ នៃសភាពការណ៍ឧបទ្វីបកូរ៉េ។ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ អំពីការឯកភាព ចំពោះការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតថ្មីថា បើទោះបីសភាពការណ៍នៅលើសកលលោក មានការប្រែប្រូលក្ដី តែទំនាក់ទំនងកម្ពុជា-កូរ៉េខាងជើង មិនមានការប្រែប្រួលនោះទេ ពោលគឺនៅរក្សាបានល្អជានិច្ច។
សម្រាប់សភាពការណ៍នៅឧបទ្វីបកូរ៉េវិញ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងពីការគាំទ្ររបស់កម្ពុជាលើការប្ដេជ្ញាចិត្ត របស់កូរ៉េខាងជើង ក្នុងការជំរុញឲ្យមានការបង្រួបបង្រួមប្រទេសទាំងពីរ ដោយសន្ដិវិធី។
ក្នុងជំនួបនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានសន្យាផ្ដល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយឲ្យការងាររបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅកម្ពុជា ទទួលបានបជោគជ័យ៕