(ភ្នំពេញ)៖ លោក ហ៊ុយ ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ បានឲ្យដឹងថា វិស័យសំណង់ដែលកំពង់កើនឡើងខ្លាំងនៅកម្ពុជា នាពេលបច្ចុប្បន្ន បានចូលរួមផ្តល់ការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋកម្ពុជា។ បើតាមលោក ហ៊ុយ ណារ៉ា វិស័យសំណង់នេះ ផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២០ម៉ឺននាក់ក្នុងមួយថ្ងៃ។
តាមរយៈបទអន្តរាគមន៍ក្នុងសន្និបាតបូកសរុបការងារសម្រាប់ឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ លោក ហ៊ុន ណារ៉ា បានបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញមានកម្មករប្រមាណពី ១៤០.០០០នាក់ ទៅ១៥០.០០០នាក់ក្នុងមួយថ្ងៃ ហើយកម្លាំងពលកម្មអាចប្រែប្រួល ទៅតាមទំហំការងារជាក់ស្តែងនៅការដ្ឋានសំណង់។
លោក ហ៊ុយ ណារ៉ា ក៏បានឲ្យដឹងដែរថា បើប្រៀបធៀបនឹងឆ្នាំ២០១៥ បរិមាណនៃកម្លាំងពលកម្មនៅឆ្នាំ២០១៦ កើនឡើង៣៣,៣៣ភាគរយ។
តាមរយៈនៃការសិក្សាស្រាវជ្រាវតម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ខែ ទទួលបានប្រាក់ឈ្នួល១២០ ទៅ២០០ដុល្លារអាមេរិក កម្មករមានជំនាញ និងមេជាងក្នុង១ខែទទួលបាន៣០០ ទៅ៤៥០ដុល្លារអាមេរិក។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែ ទទួលបានពី៣៥០ដុល្លារអាមេរិក ទៅ២.៥០០ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ ណារ៉ា។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គម្រោងសាងសង់សំណង់នៅឆ្នាំ២០១៦កន្លងទៅមានចំនួន២,៦៣៦គម្រោង លើផ្ទៃដីជាង១៤លានម៉ែត្រក្រឡា ជាមួយទុនវិនិយោគជាង ៨.៥ពាន់លានដុល្លារអាមេរិក៕