(ភ្នំពេញ)៖ ស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ អំពាវនាវជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យរបស់ខ្លួន ធ្វើយ៉ាងណា មេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ការថ្លែងរបស់លោក ឌី រ័ត្នខេមរុណ ធ្វើឡើងក្នុងពិធីចែកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋក្រីក្រ៤៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា គ្រឿងញៀន គឺជាសារធាតុញៀនដែលចូលទៅពង្វក់ដល់ស្មារតី និងអារម្មណ៍របស់ជន ដែលបានសេពវា ឲ្យក្លាយជាមនុស្សពោរពេញទៅដោយកំហឹង ខ្វះការពិចារណា និងជាពិសេសខ្វះភាពម្ចាស់ការលើខ្លួនឯង ដែលអាចបង្កឲ្យ ខ្លួនអាចប្រព្រឹត្តិនូវទង្វើមិនល្អមួយចំនួន បានគ្រប់ពេលវេលា ហើយចំពោះប្អូនៗជាយុវជនយុវតី ដែលបានប្រើប្រាស់វាហើយនោះ អាចបែកអារម្មណ៍បោះបង់ការសិក្សា ដើរចូលហ្វូងសង្គមបងតូចបងធំ និងអាចប្រព្រឹត្តឹសកម្មភាពភាពមួយចំនួន ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ដូចជាអំពើរ លួច ឆក់ ប្លន់ ជាដើម។
លោកបន្ថែមថា «គ្រឿងញៀន ជាសារធាតុញៀនដែលបំផ្លាញសង្គមមនុស្សទូទៅ មិនថាក្មេងចាស់ ពិសេសសង្គមជាតិទាំងមូលឲ្យធ្លាក់ចូលក្នុងភ្លក់ភ្លើង ដោយសារវា ដូច្នេះសូមបងប្អូនចូលនិយាយថា ទេចំពោះគ្រឿងញៀន គ្មានគ្រឿងញៀនប្រទេសជាតិ នឹងសម្បូរសប្បាយរីកចម្រើន ពិសេសសង្គមមនុស្ស នឹងមានការអប់រំល្អច្រើនបន្ថែមទៀត»។
ជាមួយគ្នានោះ លោកប្រធានអនុសាខាកាកកបាទក្រហម ក៏នាំនូវការផ្ដាំផ្ញើ ក្តីនឹករលឹក ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេច តែងស្ថិតនៅក្បែរបងប្អូនជានិច្ច ដែលសម្ដេចតែងតែ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូន ក្នុង១គ្រួសារៗ ទទួលបាន មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ទឹកសុទ្ធ, អង្គរ១ប៉ាវ ៣០គីឡូក្រាម, ឃីត១ឈុតមាន មុង ភួយ ក្រមា និងថវិកា ក្នុង១គ្រួសារ ៣ម៉ឺនរៀលផងដែរ៕