(ភ្នំពេញ)៖ លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះបន្តិចថា ការដែលសម្តេចក្រឡាហោម ស ខេង សម្រេចលើកពេលជួបចរចាជាមួយ លោក កឹម សុខា ដោយមិនកំណត់នោះ គឺសម្តេចទុកពេលឱ្យ រដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មាត្រា៤៨ថ្មី(បី) ជាមុនសិន។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា ជំនួបរវាងថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណបក្សទាំងពីរ មិនសំខាន់ជាងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីធ្វើវិសោធនកម្ម មាត្រា៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានោះឡើយ អញ្ចឹងហើយបានជាសម្តេចក្រឡាហោម សម្រេចលើកពេល។
លោក ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «ពូបានទទួលដំណឹងថា សភាពេញអង្គនឹងធ្វើវិសោធនកម្មច្បាប់នោះ ដូច្នេះជំនួបចរចា មិនសំខាន់ជាងកិច្ចប្រជុំ ពេញអង្គរបស់រដ្ឋសភាឡើយ»។ លោកថា សម្តេចក្រឡាហោម ទុកពេលឱ្យរដ្ឋសភាបើកកិច្ចប្រជុំពេញអង្គជាមុនសិន ទើបធ្វើការសម្រេចអ្វីៗជាងក្រោយ។
សូមបញ្ជាក់ថា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អង្គភាពព័តមាន Fresh News ឱ្យដឹងនៅព្រឹកនៅប្រមាណ កន្លះម៉ោងមុនថា ការជួបគ្នារវាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា ដែលភាគីទាំងពីរកំណត់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នោះ ត្រូវបានលើកពេលហើយ។
លោក ឡេង ប៉េងឡុង បានអះអាងថា អគ្គលេខាធិការដ្ឋានរបស់រដ្ឋសភា ទើបនឹងបានទទួលលិខិតមួយពីសម្តេចក្រឡាហោម ស ខេង នៅមុននេះ ដោយសម្រេចលើកពេលដោយមិនកំណត់ ចំពោះជំនួបរវាងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរ ។ទោះជាយ៉ាងណា លោកពុំបានបញ្ជាក់ច្បាស់អំពីមូលហេតុ នៃការលើកពេលនេះនៅឡើយទេ ដោយសារតែលោកពុំបានអានលិខិតនោះឡើយ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរបានផ្ញើលិខិតដាក់របៀបវារៈជូនគ្នាទៅវិញទៅមក រហូតដល់ថ្ងៃទី១៦ ខែមករា ម្សិលមិញនេះថ្នាក់ដឹកនាំតំណាងរាស្រ្តភាគច្រើន បានកំណត់ពេលជួបគ្នានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើរបៀបវារៈដែលមានការព្រមព្រៀងគ្នា។ លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ក៏បានព្យាយាមលើកយកបញ្ហានៅដែនសមត្ថកិច្ចរបស់តុលាការ ដើម្បីជជែកជាមួយសម្តេចក្រឡាហោម ប៉ុន្តែរបៀបវារៈនេះត្រូវបានទាត់ចោលទៅវិញ។
យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ចេញពីទីក្រុង Zurich ប្រទេសស្វីលថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈ ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ Fresh News មុននេះបន្តិចយ៉ាងដូចេ្នះថា៖ «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោទនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈ សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ»។
សម្តេចតេជោ ហ៊ុន សែន មិនបានពន្យល់អ្វីថែមទៀតនោះទេ ដោយបានបញ្ជាក់យ៉ាងខ្លីថា «ធ្វើដូចនេះឆាប់ចប់រឿង ព្រោះមិនបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះយន្តការនោះវារលាយបាត់តាមរយៈវិសោធនកម្មដែលនឹងត្រូវធ្វើរួចទៅហើយ»។
សូមបញ្ជាក់ថា ប្រសិនការធ្វើវិសោធនកម្មបានដោយជោគជ័យនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងត្រូវបានបាត់បង់តួនាទី ជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៦៕