(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អង្គភាពព័តមាន Fresh News ឱ្យដឹងនៅមុននេះបន្តិចថា ការជួបគ្នារវាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា ដែលភាគីទាំងពីរកំណត់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នោះ ត្រូវបានលើកពេលហើយ។
លោក ឡេង ប៉េងឡុង បានអះអាងថា អគ្គលេខាធិការដ្ឋានរបស់រដ្ឋសភា ទើបនឹងបានទទួលលិខិតមួយពីសម្តេចក្រឡាហោម ស ខេង នៅមុននេះ ដោយសម្រេចលើកពេលដោយមិនកំណត់ ចំពោះជំនួបរវាងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរ ។ទោះជាយ៉ាងណា លោកពុំបានបញ្ជាក់ច្បាស់អំពីមូលហេតុ នៃការលើកពេលនេះនៅឡើយទេ ដោយសារតែលោកពុំបានអានលិខិតនោះឡើយ។
លោក ឡេង ប៉េងឡុង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ឥឡូវខាង សម្តេចក្រឡាហោម លោកបានស្នើសុំលើកពេលហើយ»។ លោកបន្ថែម៖ «ប៉ុន្តែខ្ញុំមិនទាន់បានមើលថា មានមូលហេតុអ្វីនៅឡើយទេ»៕