(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់អ្នកនាង សួស លីនដា ដែលគេស្គាល់ថា ជាតារាចម្រៀងក្រៅស្រុកយូរឆ្នាំមកហើយ និងមានឈ្មោះល្បីតាំងពីជំនាន់ តារាចម្រៀង ទូច ស៊ុននិច្ច បានអះអាងថា អ្នកនាងមិនដែលខ្វល់ខ្វាយ នឹងទីផ្សារចម្រៀងក្នុងស្រុកនោះទេ ខណៈនៅថ្ងៃទី២ កុម្ភៈ ខាងមុខនេះ អ្នកនាងនឹងចេញសម្ដែង នៅក្នុងប្រទេសបារាំង ជាលើកទី៤ គឺប៉ុន្មានថ្ងៃក្រោយមង្គលការ របស់ប្អូនស្រីត្រូវបញ្ចប់ ដែលជាឱកាសថ្មីមួយទៀត សម្រាប់កើបប្រាក់ចំណូល ក្នុងការងារសិល្បៈ។
តារាចម្រៀង ដែលមានឈ្មោះល្បីល្បាញ តាមរយៈការបកស្រាយ បទចម្រៀងពីដើមៗ អ្នកនាង សួស លីនដា បានថ្លែងបញ្ជាក់ទៀតថា ក្រោយពេលរៀបការប្អូនស្រីរបស់អ្នកនាង គឺអ្នកនាងសួស កែវកន្និថា រួចរាល់ នាងនឹងបន្តដំណើរ ដើម្បីទៅសម្ដែង ចែកជូនបងប្អូន ក្នុងប្រទេសបារាំង បានទស្សនា និងរាំលេងកម្សាន្ត ខណៈទីផ្សារក្រៅស្រុក នឹងនៅតែបន្តកើតមាន ច្រើនជាងក្នុងស្រុកដូចមុន ក្នុងពេលដែលអ្នកនាង ត្រូវបានបងប្អូនខ្មែរក្រៅស្រុកស្គាល់ និងគាំទ្រច្រើនជាង។ អ្នកនាងនិយាយថា ដោយសារតែការចេញច្រៀងក្រៅស្រុក ត្រូវប្រើតែរយៈពេលមួយដែលបានកំណត់ ហើយទទួលបានលុយកាក់ច្រើន ទើបបងប្អូនអ្នកនាងមិនសូវខ្វាយខ្វល់ ពង្រីកទីផ្សារក្នុងប្រទេស ហើយបាត់មុខទៅច្រៀង នៅប្រទេសធំៗភាគច្រើន ដោយអ្នកនាងរំពឹងថា ការចេញសម្ដែងនៅក្នុងប្រទេសបារំាង នៅថ្ងៃទី២ កុម្ភៈខាងមុខ ក៏នៅតែជោគជ័យខ្លាំង។
យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា មិនចេញទៅយូរដូចមុននោះទេ ដោយសារតែអ្នកនាង ក៏ត្រូវប្រញាប់ត្រឡប់មកវិញ ដើម្បីមើលខុសត្រូវភោជនីយដ្ឋាន យីហោ «ម្លប់ដើមក្រសោប» នៅម្ដុំទួលសង្កែ ដែលអ្នកនាងបោះទុនធ្វើជាថៅ អស់ប្រាក់ច្រើនម៉ឺនដុល្លារ។ យ៉ាងណាមិញ អាជីពឡើងច្រៀងលើឆាក អ្នកនាងរឹតតែមិនសូវខ្វាយខ្វល់ ដោយសារតែអ្នកនាងចាប់អារម្មណ៍ ទទួលច្រៀងតែក្រៅស្រុក អ៉ីចឹងហើយទើបជាហេតុផល ដែលតារាចម្រៀងមកពីខេត្តបាត់ដំបងរូបនេះ ប្រកាសចេញច្រៀងនៅក្នុងប្រទេសបារាំង ខាងមុខត្រឹមតែរយៈពេល២ខែ ដើម្បីឆាប់បានត្រលប់មកវិញ។
បើទោះជាទីផ្សារចេញច្រៀងក្រៅស្រុក ស្ទើរនឹងក្លាយជាអាជីពធំមួយ សម្រាប់អាជីពចម្រៀងរបស់អ្នកនាង ក៏ប្រជាប្រិយភាពក្នុងស្រុកហាក់ មិនសូវមានមហាជនច្រើនណាស់ណានោះទេ បានស្គាល់អ្នកនាង ខណៈតារាចម្រៀងរូបនេះ មានឈ្មោះល្បី តាំងពីជំនាន់ តារាចម្រៀង ទូច ស៊ុននិច្ច មកម្ល៉េះ។ យ៉ាងណាមិញ បើក្រឡេកមើលឱកាសចេញច្រៀង ក្នុងកម្មវិធីថ្នាក់ជាតិធំៗ អ្នកនាងត្រូវគេឃើញលេចមុខលេចមាត់ មិនខុសពីគ្នាពីតារាចម្រៀងល្បីឈ្មោះ លំដាប់ប្រទេសភាគច្រើននោះទេ៕