(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់នៅក្នុងឆ្នាំ២០១៦កន្លងទៅ មានតម្លៃប្រមាណ ៨.៥ពាន់លានដុល្លារអាមេរិក (៨,៥៣៤,០៥៨,៣៨៩ដុល្លារ) កើនឡើងលើសឆ្នាំ២០១៥ ចំនួន ១៥៥.៦៨ភាគរយ។
របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ គម្រោងសាងសង់នៅទីទូទាំងប្រទេសមានចំនួន ២,៦៣៦គម្រោង លើផ្ទៃដីជាង ១៤លានម៉ែត្រក្រឡា (១៤,៦២០,២២៥ម៉ែត្រក្រឡា)។ គម្រោងសាងសង់ទាំងនេះ ចេញច្បាប់អនុញ្ញាតដោយក្រសួងចំនួន ៣៥៤គម្រោង និងចេញដោយរាជធានី-ខេត្ត ២,២៨២គម្រោង។
របាយការណ៍ដដែលនេះ បានគូសបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០០ មកដល់ខែធ្នូ ឆ្នាំ២០១៦ ការសាងសង់នៅកម្ពុជាមានចំនួន ៣៦,៨៥២គម្រោង នៅលើផ្ទៃដីជិត ៩៤លានម៉ែត្រក្រឡា (៩៣,៩៥០,៥០៤ម៉ែត្រក្រឡា) មានទុនវិនិយោគជាង ៣៤ពាន់លានដុល្លារអាមេរិក (៣៤,២៩៧,១១៦,១៣១ដុល្លារ)៕