(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៧ នៅប្រទេសសឹង្ហបុរី។
រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសសមាជិកទាំងអស់របស់អាស៊ាន នឹងធ្វើការប្រជុំពិនិត្យ និងសម្រេចលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖
* ពិនិត្យបច្ចុប្បន្នភាពនៃការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងតំបន់
* ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២០ (ATSP 2016-2020)
* ពិនិត្យកម្មវិធី និងសកម្មភាពនៃការផ្សព្វផ្សាយទេសចរណ៍អាស៊ានគំរប់ខួប ៥០ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមពាក្យស្លោក Visit ASEAN@50: Golden Celebration Campaign (ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយជាផ្លូវការនៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាននាថ្ងៃ១៨ ខែមករា នៅសិង្ហបុរី)
* ពិនិត្យការអនុវត្តស្តង់ដាគុណភាពអាស៊ាន រួមមាន៖ ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ស្តង់ដាបង្គន់សាធារណៈអាស៊ាន (ASEAN Public Toilet Standard) ស្តង់ដាស្ប៉ា និងសុខុមាលភាពអាស៊ាន (ASEAN Spa and Wellness Standard) ស្តង់ដាទេសចរណ៍សហគមន៍អាស៊ាន (ASEAN Communities Based Standard) ស្តង់ដាផ្ទះស្នាក់អាស៊ាន (ASEAN Home Stay Standard) និងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean City Standard)
* ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)
* ពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ស្តង់ដា MICE អាស៊ាន ព្រមទាំងគោលការណ៍វាយតម្លៃ និងសវនកម្ម
* និងពិនិត្យសម្រេចលើគោលការណ៍ណែនាំស្តីពី ការផ្តល់រង្វាន់លើការប្រកួតស្នាដៃលើការអភិវឌ្ឍទេសចរណ៍ផ្អែកលើគោលការណ៍និរន្តរភាព (ASEAN Sustainable Tourism Award) ។
ស្របជាមួយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២០ខាងលើនេះ ក៏នឹងមានរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបី៖អាស៊ាន+ចិន-ជប៉ុន-កូរ៉េ,ឥណ្ឌា,រុស្សីព្រមទាំងកិច្ចប្រជុំជាមួយដៃគូរអន្តរជាតិធំៗដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមន៍ទីភ្នាក់ងារធ្វើដំណើរអាស៊ាន (ASEAN TA) ជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ថោង ខុន នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ប្រទេសឡាវ និងប្រទេសថៃ) ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។
សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ នៅក្នុងវេទិការទេចរណ៍អាស៊ាន ATF នេះកម្ពុជា ក៏បានសហការជាមួយផ្នែកឯកជនចូលរួមក្នុងពិពណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដែលមកពី ៦៥ប្រទេស ដែលមានស្តង់ពិពណ៌ជាង៥០០ មានអ្នកទិញ Buyers ចំនួនជាង៥០០ និងអ្នកលក់ Sellers ជាង ៤០០ ក្រុមហ៊ុន ផងដែរ។ព្រមជាមួយនេះ សម្រាប់កម្ពុជា គឺមានសហគមទេសចរណ៍ចំនួន០៣ (សហគមជីផាត កោះទ្រង់ និងចំបក់) និងផ្ទះស្នាក់ចំនួន ០៥ (ផ្ទះស្នាក់ Khmer Homestay មកពីខេត្តកំពង់ធំ ផ្ទះស្នាក់ ស៊ិម ហឹម មកពីខេត្តកំពត ផ្ទះស្នាក់ កុង សៃ មកពីខេត្តកំពង់ស្ពឺ ផ្ទះស្នាក់ សេង ចាន់ណា មកពីខេត្តសៀមរាប និងផ្ទះស្នាក់ Ear Sothy Homestay មកពីខេត្តកោះកុង) ដែលនឹងត្រូវទទួលរង្វាន់នាឱកាសវេទិកាទេសចរណ៍អាស៊ាន នេះផងដែរ៕