(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៉ិន ឈិន និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៦កន្លងទៅនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៤លានក្បាលដី ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្មើនិងជាង ៦៣ភាគរយ នៃក្បាកដីប៉ាន់ស្មាន ៧លានក្បាលដី។ លោក ប៉ិន ឈិន ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើលើសផែនការប្រមាណ ១.៦ភាគរយ។
ឧបនាយករដ្ឋមន្រ្តី ប៉ិន ឈិន ថ្លែងឲ្យដឹងដូច្នេះ ក្នុងពេលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
លោក ប៉ិន ឈិន បានឲ្យដឹងដែរថា គណៈកម្មការសុរិយោដី បានទទួលពាក្យបណ្តឹងទំនាស់ដីធ្លីសរុប ៧,៥៤៩ករណី ដោះស្រាយបញ្ចប់បាន ៣,៥៥៨ករណី ច្រានចោលចំនួន ២,៥០២ករណី។ រីឯក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងវិញ ទទួលពាក្យបណ្តឹងសរុប ៧១៤ករណី ដោះស្រាយបញ្ចប់ស្ថាពរ ៤១ករណី ឆ្លើយតបទៅម្ចាស់បណ្តឹង ឬ បង្វែរសមត្ថកិច្ចពាក់ព័ន្ធ ៥២ករណី។
ក្នុងពិធីបើកសន្និបាតនាព្រឹកថ្ងៃនេះ ឧបនាយករដ្ឋមន្រ្តី ប៉ិន ឈិន បានគូសបញ្ជាក់ថា ឆ្នាំ២០១៧ ជាឆ្នាំកំណត់លើភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៨ ដូច្នេះលោកស្នើគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរដែនគ្រប់លំដាប់ថ្នាក់ ត្រូវតែសកម្មភាពទ្វេដងក្នុងការបំពេញតួនាទីភារកិច្ចផ្ទាល់ខ្លួន ក៏ដូចជាតួនាទីគាំទ្រ និងអន្តរវិស័យ ដើម្បីរក្សា និងបន្តបង្កើននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងការងនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល៕