(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់ភាគីជប៉ុនថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កំពុងខិតខំថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព និងដើម្បីឲ្យការបោះឆ្នោតនាឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ ប្រព្រឹត្តទៅដោយរលូនក្នុងសុខសន្តិភាព គ្មានអំពើហឹង្សា។
ការបញ្ជាក់ប្រាប់យ៉ាងដូច្នេះរបស់សម្តេច សាយ ឈុំ ធ្វើឡើងក្នុងឱកាសដែល សម្តេចបានអនុញ្ញាតឲ្យ លោក Ryu SHIONOYA ប្រធានសមាគមមិត្តភាពសភា ជប៉ុន-មេគង្គ និងជាអតីតរដ្ឋមន្រ្តីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
ក្នុងឱកាសនេះ លោកប្រធានសមាគម Ryu SHIONOYA បានលើកយោបល់អំពី ការផ្លាស់ប្តូរទំនាក់ទំនងគ្នាទៅវិញទៅមក រវាងអង្គការនីតិប្បញ្ញត្តិជប៉ុន-កម្ពុជា ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរជប៉ុន-កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតប ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ រួមទាំងការវិភាគទាន ក្នុងដំណើរការសាលាក្តីខ្មែរក្រហម និងការផ្តល់ជំនួយបច្ចេកទេស បរិក្ខារ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិច ដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
សម្តេចបានថ្លែងទៀតថា តាមរយៈជំនួយសម្តារ បរិក្ខារទាំងអស់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះដែរ សម្តេចបានសម្តែងនូវការស្វាគមន៍ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបន្តផ្តល់ជំនួយជាបន្តបន្ទាប់ ដល់ប្រទេសកម្ពុជា តាមមធ្យោបាយពីរយ៉ាង គឺទី១-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា និងទី២ ជួយឲ្យប្រទេសកម្ពុជារៀបចំការបោះឆ្នោត ដោយត្រឹមត្រូវ ទៀងទាត់តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ យុត្តិធម៌ និងគ្រប់គណបក្សនយោបាយ ទទួលយកបានទាំងអស់គ្នា។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កំពុងខិតខំថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព និងដើម្បីឲ្យការបោះឆ្នោតនាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយរលូនក្នុងសុខសន្តិភាព គ្មានអំពើហឹង្សា។
សម្តេចប្រធានព្រឹទ្ធសភា បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិបការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុននេះ ដែលទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។ នៅក្នុងឱកាសនោះ សម្តេចបានស្នើដល់សមាគមមិត្តភាពសភាជប៉ុន-មេគង្គ ឲ្យជួយលើតម្រូវការបីយ៉ាងរបស់ព្រឹទ្ធសភាកម្ពុជាគឺ ទី១- ការបណ្តុះបណ្តាលធនធានមនុស្ស ទី២-ការផ្តល់សម្ភារៈបរិក្ខារ គាំទ្រដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងទី៣-ការផ្តល់អាហាររូបករណ៍ដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទៅសិក្សាដកពិសោធន៍ ការងារនៅប្រទេសជប៉ុន។
ចំពោះសំណើទាំងអស់នេះ ភាគីជប៉ុនបានសន្យាទទួលយកទៅពិចារណា ដោយយកចិត្តទុកដាក់។ ក្រៅពីនេះ ភាគីជប៉ុនបានយកចិត្តទុកដល់ការផ្លាស់ប្តូរគ្នា ទៅវិញទៅមករវាងយុវជនកម្ពុជា និងយុវជនជប៉ុន តាមរយៈផែនការរបស់លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។
ជាមួយគ្នានោះដែរ គណៈប្រតិភូបានសម្តែង នូវការចាប់អារម្មណ៍លើវិស័យអប់រំ និងការវិនិយោគនៅប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនទាំងតូច-ធំ និងមធ្យមជប៉ុន សុទ្ធតែចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា និងស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់បញ្ហាប្រឈមខ្លះ ពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធី ដែលក្រុមហ៊ុនទាំងអស់នោះ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ទាក់ទងនឹងការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ សម្តេចបានឯកភាព និងស្វាគមន៍ចំពោះរដ្ឋាភិបាលជប៉ុន ដែលមានបំណងចង់ឲ្យមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងយុវជននៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់អំពីវិស័យអប់រំថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងខិតខំ កែទម្រង់លើវិស័យអប់រំ គឺធ្វើយ៉ាងណាបង្ខិតសាលារៀន ឲ្យជិតប្រជាពលរដ្ឋ គឺក្នុង៤ភូមិ មានសាលាបឋមសិក្សាមួយកន្លែង និងកំរិតមធ្យសិក្សា គឺធើ្វយ៉ាងណាឲ្យការប្រឡង ប្រកបដោយគុណភាព ដើម្បីសម្រេចនូវគោលបំណងបី គឺទី១- ពង្រឹងគុណភាពខាងវិស័យអប់រំ, ទី២-បំពេញចិត្តមាតាបីតាសិស្ស និងទី៣-បម្រើនូវផលប្រយោជន៍អនាគតប្រទេសជាតិ។
ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្រួលទាំងនីតិវិធីបែបបទ និងបទដ្ឋានច្បាប់ ដើម្បីឲ្យការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា កាន់តែមានភាពងាយស្រួល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមស្វាគមន៍ចំពោះការវិនិយោគទុន គ្រប់ក្រុមហ៊ុនជប៉ុនទាំងអស់នៅកម្ពុជា។ នាពេលខាងមុខរាជរដ្ឋាភិកម្ពុជា នឹងខិតខំបង្កភាពអនុគ្រោះដល់ការវិនិយោគទុនពីជប៉ុន និងបរទេស ឲ្យកាន់តែប្រសើរថែមទៀត៕