(តាកែវ)៖ ទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាសខេត្តតាកែវ បានសំណូមពរអាជ្ញាធរ និងកងម្លាំងប្រដាប់អាវុធក្នុងឃុំព្រៃកប្បាស បន្តជំរុញកិច្ចការងារថែរក្សាស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឃុំព្រៃកប្បាសឲ្យបានរឹងមាំ ដោយការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានកាន់តែខ្លាំងខ្លា ជាពិសេសលុបបំបាត់ឲ្យអស់ក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។
លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០១២-២០១៧) និងទិសដៅភារកិច្ចបន្តឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្ស និងក្រុមប្រឹក្សាឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ នាសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ហង្ស ម៉ើន ប្រធានក្រុមការងារឃុំព្រៃកប្បាស និងក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តផងដែរ។
លោក យឹម ណុលឡា បានដាស់តឿនក្រើនរំលឹកទៅដល់គណៈកម្មាធិការបក្សឃុំ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងប្រដាប់អាវុធឃុំទាំងអស់ត្រូវបន្តបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើមដោយក្តាប់ជាប់នូវពាក្យស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល»។ ទន្ទឹមនោះត្រូវថែរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានបន្ថែមទៀតថា គណៈកម្មាធិការបក្សឃុំ និងក្រុមប្រឹក្សាឃុំព្រៃកប្បាសទាំងអស់ព្រមទាំងបេក្ខជនដែលនឹងជាប់ឆ្នោតស្ទាបស្ទង់នាពេលខាងមុខនេះ ត្រូវផ្សារភ្ជាប់ជាមួយមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឃោសនាអប់រំ និងចលនាប្រជាជនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕