(ភ្នំពេញ)៖ សំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់ Like ក្លែងក្លាយនៅលើទំព័រ Facebook ដើម្បីបង្កើនប្រជាប្រិយភាពនោះ នឹងត្រូវសាលាឧទ្ធរណ៍យកមកជំនុំជម្រះ នៅម៉ោង២៖០០រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានបណ្តឹងពីមេធាវីរបស់ លោក សម រង្ស៊ី។ នេះបើតាមដីកាកៅហៅជនជាប់ចោទឱ្យចូលសវនាការ ដែលចេញដោយព្រះរាជអាជ្ញា ង៉ែត សារ៉ាត់។
សវនាការនេះ បានធ្វើក្រោយពេលដែល សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿងនេះ ដោយពិន័យប្រាក់ លោក សម រង្ស៉ី ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅជនរងគ្រោះ ១៥លានរៀល ដល់លោក សោម សឿន ដែលជាម្ចាស់បណ្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែត្រូវបានមេធាវីរបស់ លោក សម រង្ស៊ី ដាក់ពាក្យប្តឹងជំទាស់។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ។
ក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់ លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬ ជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិត ក្លែងបន្លំជូនសម្ដេច។
ក្នុងពាក្យបណ្ដឹង បានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងលោក សោម សឿន យ៉ាងធ្ងន់ធ្ងរ៕