(ភ្នំពេញ)៖ ក្រោយពីបើកសវនាការពេញមួយថ្ងៃ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានដោះស្រាយលើពាក្យបណ្ដឹងចំនួន៧រួចមក គ.ជ.ប បានរកឃើញឈ្មោះដែលមានបញ្ហាមានចំនួន១៨១នាក់ តែបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មីចំនួន១៤នាក់, នេះបើតាមការបញ្ជាក់របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងជាប្រធានក្រុមជំនុំជម្រះ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការថ្ងៃដំបូង។
យ៉ាងណាម៉ិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា មកទល់ថ្ងៃនេះ គ.ជ.ប មិនទាន់បានទទួលបណ្ដឹងនៅទូទាំងប្រទេសនៅឡើយទេ ប៉ុន្ដែចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦នេះ គ.ជ.ប ទទួលបានបណ្ដឹងចំនួន១,៤១២បណ្ដឹង ក្នុងនោះបណ្ដឹងតវ៉ា ៦៥១បណ្ដឹង ហើយបណ្ដឹងជំទាស់ ៧៦១បណ្ដឹង។
ប៉ុន្ដែលោកអ្នកនាំពាក្យបានបន្ដថា សម្រាប់ គ.ជ.ប ផ្ទាល់ មកទល់ថ្ងៃនេះទទួលបាន៦៤បណ្ដឹងហើយ ក្នុងនោះសវនាការពាក់ព័ន្ធនឹងមនុស្ស ១៨១នាក់ ដែលប្ដឹងឲ្យមានការលុបឈ្មោះ ហើយនៅថ្ងៃទី១៧ស្អែកនេះ គ.ជ.ប នឹងដោះស្រាយបណ្ដឹង១៦ករណី, ថ្ងៃទី១៨ គ.ជ.ប នឹងដោះស្រាយ ១៦ករណី និងថ្ងៃទី១៩ នឹងដោះស្រាយ ២៣ករណី ព្រមទាំងថ្ងៃបន្ដបន្ទាប់ទៀត ដើម្បីបញ្ចប់បណ្ដឹង ប៉ុន្ដែ គ.ជ.ប មិនមានពេលវេលាគ្រប់គ្រាន់ ដូចតុលាការនោះទេ ព្រោះ គ.ជ.ប ត្រូវពន្លឿងការងារទៅតាមប្រតិទិន ដែលបានគ្រោងទុក។
ជាមួយគ្នានោះដែរ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្នុងចំណោមបណ្ដឹងដែលទទួលបានដូចខាងលើនោះ មាន១,១៨៩បណ្ដឹង ដែលស្នើសុំឲ្យលុបឈ្មោះ ហើយបណ្ដឹងទាំងនេះ ភាគច្រើនបំផុតចេញពី គណបក្សសង្គ្រោះជាតិ ដោយឡែកខាងគណបក្សប្រជាជនកម្ពុជា មានតែ១បណ្ដឹងប៉ុណ្ណោះ គឺនៅស្រុកពាមរក៍ ខេត្តព្រៃវែង គឺបណ្ដឹងសុំរក្សាឈ្មោះអ្នកបោះឆ្នោតចំនួន ១៤នាក់ ដែលគណបក្សសង្គ្រោះបានស្នើឲ្យលុបចេញ៕