(ភ្នំពេញ)៖ តំណាងគណបក្សសង្គ្រោះជាតិបានបរាជ័យម្ដងទៀតហើយ ក្នុងការប្ដឹងប្រជាពលរដ្ឋ៤៥នាក់ថា ជាជនបរទេស ដើម្បីឱ្យគ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ខណៈតំណាងប្រជាពលរដ្ឋទាំង៤៥នាក់ទៀតថា ត្រូវតែរក្សាទុកឲ្យនៅដដែល ព្រោះប្រជាពលរដ្ឋទាំងនោះ មានឯកសារ គ្រប់គ្រាន់តាមផ្លូវច្បាប់ និងអាចចូលរួមបោះឆ្នោតបាននៅពេលខាងមុខ ។
ការបរាជ័យរបស់ CNRP ក្នុងការប្ដឹងចោទប្រជាពលរដ្ឋទាំង ៤៥នាក់ថា ជាជនបរទេស ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូងនេះដែរ បានធ្វើឡើងក្នុងសវនាការក្ដីមួយ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទីស្នាក់ការ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រវាងលោក លីន ញ៉ក់ និងលោក សន សោភ័ណ្ឌ តំណាងប្រជាពលរដ្ឋទាំង៤៥នាក់ និងតំណាងគណបក្សសង្គ្រោះជាតិ មានលោក ឯល កទៀត និងលោក ឌីណា កុសល ព្រមទាំងដំណើរការនៃសាវការជំនំជម្រះក្ដីមានលោក វ៉ាន់ ផន ប្រធានក្រុមប្រឹក្សាសង្កាត់ រួមនិងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ជាច្រើននាក់ផងដែរ ។
ក្នុងសវនាការក្ដីនេះ លោក ឯល កទៀត និងលោក ឌីណា កុសល តំណាងគណបក្សសង្គ្រោះជាតិ បានលើកឡើងដូចៗគ្នាថា មានប្រជាពលរដ្ឋចំនួន៤៥នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំង៧ការិយាល័យ របស់សង្កាត់ច្រាំងចំរេះ ទី១ ខណ្ឌឫស្សីកែវ ត្រូវបានអ្នកសង្កេតឃើញថា ជាជនបរទេសដោយផ្អែកលើមូលហេតុមួយចំនួនថា មានសាក្សីស្គាល់ពលរដ្ឋទាំង៤៥នាក់ច្បាស់ តាំងពីឆ្នាំ១៩៧៩មកម្លេះ និងសំណូមពរឲ្យមានប្រធានសមាគមវៀតណាមមានវត្តមាននៅក្នុងសាវនាការក្ដីនេះផងដែរ ដើម្បីចូលរួមវិនិឆ្ឆ័យ ព្រមទាំងស្នើឲ្យប្រធានក្រុមប្រឹក្សាសង្កាត់ជួយលុបឈ្មោះអ្នកទាំងនោះចោលចេញពីបញ្ជីបោះឆ្នោតដំបូង ដោយមិនអនុញាតឲ្យ បោះឆ្នោតបានឡើយ ។
ពាក់ព័ន្ធតំណាងគណបក្សសង្គ្រោះជាតិ បានប្ដឹងចោទទៅលើប្រជាពលរដ្ឋទាំង៤៥នាក់ថា ជាជនបរទេស ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូងនេះដែរ លោក លីន ញ៉ក់ ដែលជាចុងចម្លើយ តំណាងប្រជាពលរដ្ឋទាំង៤៥នាក់ បានលើកឡើងថា លោកមិនបានការពារជនបរទេសទេ តែលោក ក៏មិនព្រមឲ្យគេចោទខ្មែរថា ជាជនបរទេសបានដែរ ។
លោកថា ម្យាងទៀត ពលរដ្ឋទាំងនេះ អាចទៅចុះឈ្មោះបោះឆ្នោត បាន ដោយសារតែមានអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ។ បន្ថែមពីនេះ លោក សន សោភ័ណ្ឌ ដែលជាចុងចម្លើយតំណាងប្រជាពលរដ្ឋទាំង៤៥នាក់ ក៏បានលើកឡើងផងដែរថា តាមច្បាប់នៃមាត្រាទី១២៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាឲ្យមានបញ្ជីបោះឆ្នោតសម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ ដែលបានបង្កើតឡើងតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២២និងមាត្រា២៣នៃច្បាប់នេះ ។
លោកបន្តថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
លោកបន្តទៀតថា ១-មានសញ្ជាត្តិខ្មែរ ២-មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ៣-មានលំនៅដ្ឋាន ឫទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត ៤-មិន ត្រូវស្ថិតក្នុងស្ថានភាពជាប់ព័ន្ធនាគារ ឫមិនត្រូវបានដកសិទ្ធិ បោះឆ្នោត ៥-ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ បែបបទនិតិវិធីនៃការចុះឈ្មោះបោះឆ្នោត និង ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដូចមានចែងក្នុងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ត្រូវបានយកមកអនុ វត្ត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកលែងតែមាត្រា៤៧នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ទោះបីយ៉ាងណា សវនាការ រវាងតំណាងប្រជាពលរដ្ឋនិងតំណាងគណសង្គ្រោះជាតិ ត្រូវបានលោក វ៉ាន់ ផន ប្រធានក្រុមប្រឹក្សាសង្កាត់ជំនំជម្រះក្ដី ច្រានចោលការប្តឹងជំទាស់របស់ «CNRP» ហើយអនុម័តចំនួន ០៥សំឡង លើ០៩សំឡេង ដោយ សម្រេចរក្សាទុកប្រជាពលរដ្ឋទាំង៤៥នាក់ ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ឲ្យនៅដដែល និងមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតគ្រប់ៗគ្នាបាននៅពេលខាងមុខដូចប្រជាពលរដ្ឋដទៃទៀតផងដែរ ៕