(ភ្នំពេញ)៖ លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហើបឲ្យដឹងថា កម្មវិធីបកប្រែភាសាពីភាសាខ្មែរទៅកាន់អង់ គ្លេស ឬ ពីអង់គ្លេសមកភាសាខ្មែរវិញ នៅក្នុងកម្មវិធីនានារបស់ក្រុមហ៊ុន Microsoft អាចនឹងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០១៧នេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Microsoft បានសហការគ្នាធ្វើអស់រយៈពេលជាង ៥ខែមកនោះ។
កាលពីខែសីហា ឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Microsoft បានចាប់ដៃគ្នាបង្កើតកម្មវិធីបកប្រែភាសាខ្មែរទៅជាភាសាអង់ គ្លេស ឬ ពីភាសាអង់គ្លេស ទៅជាភាសាខ្មែរ ដាក់បញ្ចូលទៅក្នុងកម្មវិធីនានារបស់ Microsoft ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបក ប្រែភាសា។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ និស្សិតសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និង សិក្ខាសាលាស្តីពីបច្ចេកវិទ្យាលំហរអេឡិចត្រូនិច (Cloud Technology) របស់ក្រុមហ៊ុន Microsoft នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា ការបង្កើតកម្មវិធីបកប្រែភាសានេះ ជួបការលំបាក និងស្មុគស្មាញច្រើន ព្រោះភាសាខ្មែរមិនសូវជាមានដកឃ្លា និង មានឃ្លាច្រើន ទើបខណ្ឌមួយខុសពីភាសាអង់គ្លេស។
លោកបានបញ្ជាក់ទៀតថា ដោយសារតែការបកពីភាសាខ្មែរ ទៅភាសាអង់គ្លេសមានច្រើនផ្នែកខុសគ្នាទៅតាមវិស័យផ្សេងៗគ្នា ដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ ជាដើមនោះ វាទាមទារឲ្យមានការបញ្ចូលទិន្នន័យទាំងអស់នេះឲ្យបានកាន់តែច្រើន ទើបការបកប្រែត្រឹមត្រូវ និងសុក្រឹតបានច្រើន។
លោក សុភ័ក្រ្ត បានបញ្ជាក់ដូច្នេះ «ការប្រើប្រាស់ពាក្យជាផ្លូវការរបស់ខ្មែរយើងលំបាក ព្រោះកន្លងមកសូម្បីតែការសិក្សាអក្សរសាស្រ្ត គាត់បានបញ្ជាក់ពីលំបាកដែរ ពីព្រោះអ្នកខ្លះប្រើភាសាផ្សេង ខាងអ្នកកាសែតប្រើផ្សេង រដ្ឋមន្រ្តី រដ្ឋាភិបាលប្រើផ្សេង ដោយយកទៅបកចេញជាអង់គ្លេសវាមានភាពលំអៀងតិចតួច ចំណុចទាំងអស់នេះហើយដែលវាធ្វើឲ្យយើងស៊ីពេល៦ខែទៀត»។
មន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅពេលកម្មវិធីបកប្រែភាសានេះធ្វើចប់ជាស្ថាពរ វានឹងបង្កភាពងាយស្រួលច្រើន សម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះវាបានលំរបាំងរវាងភាសាខ្មែរ និងអង់គ្លេស។ បើតាមមន្រ្តីក្រសួងពាណិជ្ជកម្មដដែលនេះ កម្មវិធីបកប្រែនេះ គេអាចយកទៅដាក់បញ្ចូលលើគេហទំព័ររបស់ Microsoft កម្មវិធី Outlook ឬ កម្មវិធី Microsoft Office ជាដើម ហើយនៅពេលអ្នកប្រើប្រាស់ចង់ បកប្រែភាសា គឺអាចចុចបកប្រែបានភ្លាមៗតែម្តង៕