(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ បញ្ហាបាតុកម្ម កូដកម្ម នៅតាមរោងចក្រនានាក្នុងប្រទេសកម្ពុជា បានកើតឡើងចំនួន ២២០ករណី ក្នុងនោះមាន ២១៤ករណី ត្រូវបានដោះស្រាយរួចរាល់ ខណៈ ៦ករណីផ្សេងទៀត មិនទាន់ជាសះ។
លោក ប្រាក់ ចាន់ធឿន អគ្គលេខាធិការ គ.ក.ប បានបង្ហាញថា បញ្ហាកូដកម្ម បាតុកម្ម នៅឆ្នាំ២០១៦នេះ កើតឡើងនៅរោងចក្រ-សហគ្រាសចំនួន ២១១កន្លែង ដោយមានកូដករសរុប ៥៤,៩៧៨នាក់ ក្នុងនោះ ដោះស្រាយសះជាចំនួន ២០៥រោងចក្រ ២១៤ករណី និងមិនសះជា ០៦ករណី។
របាយការណ៍ខាងលើនេះ បានបង្ហាញឲ្យដឹងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងផែនការបន្តស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ប្រាក់ ចាន់ធឿន បានបន្ថែមឲ្យដឹងនៅក្នុងរបាយការណ៍ខាងលើថា ក្រោមការដឹកនាំរបស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងជាប្រធាន គ.ក.ប ព្រមទាំងការចូលរួមយ៉ាងសកម្មពីក្រុមការងារទាំងអស់ រួមទាំងមន្រ្តីរាជការ ក្រសួងស្ថាប័ន គ្រប់គ្រងមុខសញ្ញារាជធានី-ខេត្ត ដែលបានបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារដោយសន្តិវិធី ទប់ស្កាត់ អន្តរាគមន៍ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា តាំងពីនៅតូចមិនឲ្យរីករាលដាលទៅជាធំ៕