(រតនគិរី)៖ ខេត្តរតនគិរី ដែលជាខេត្តទេចរណ៍ធម្មជាតិមានរម្មណីដ្ឋានទេសចរណ៍រហូតដល់ទៅ ១៤កន្លែងនោះ នៅឆ្នាំ២០១៦កន្លងទៅ ទទួលបានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ជិត ២០ម៉ឺននាក់ ដែលចំនួននេះប្រៀបធៀប នឹងឆ្នាំ២០១៥ កើនឡើងជិត៦ភាគរយ។
នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ដសម្រាប់ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ និងដោយមានការចូលរួមពី លោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
របាយការណ៍បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកម្សាន្ដនៅខេត្តរតនគិរីសរុប ១៨៩,៦៦៩នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនឡើងភ្ញៀវទេសចរចំនួន ៥.៧៨ភាគរយ ក្នុងនោះមាន ភ្ញៀវទេសចរជាតិចំនួន ១៦៥,៩៧៧នាក់ កើន ៥.៩១ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ ២៣,៦៩២នាក់ កើន ៤.៨៥ភាគរយ។
របាយការណ៍ដដែលបញ្ជាក់ថា សេវាកម្មស្នាក់នៅក្នុងខេត្តរតនគិរីសរុបចំនួន ៤៩កន្លែង ស្មើនឹង ១,១២៩បន្ទប់ ក្នុងនេះមានសណ្ឋាគារចំនួន ១៤កន្លែង ស្មើនឹង ៦២៥បន្ទប់ និងផ្ទះសំណាក់ចំនួន ៣៥កន្លែង ស្មើនឹង៥០៤បន្ទប់ ហើយមានភោជនីយដ្ឋានចំនួន ១៤កន្លែង និងអាហារដ្ឋានចំនួន ២៥កន្លែង រីឯកន្លែងលក់វត្ថុអនុស្សាវរីយ៍សរុបចំនួន ១៩កន្លែង គឺប្រភេទត្បូងចំនួន ១០កន្លែង, ប្រភេទឈើ ៥កន្លែង និងប្រភេទប្រាក់ ចំនួន៤កន្លែង។
បន្ថែមពីនេះ អាជ្ញាធរខេត្ត បានចេញអាជ្ញាប័ណ្ណទេសចរណ៍ជូនដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍សរុបចំនួន ៣៣អាជ្ញាប័ណ្ណ ក្នុងនោះមានសណ្ឋាគារចំនួន៧, ផ្ទះសំណាក់ចំនួន ២២, ភោជនីយដ្ឋាន២ និងខារ៉ាអូខេចំនួន ២កន្លែង។
សូមបញ្ជាក់ថា សព្វថ្ងៃខេត្តរតនគិរីមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចំនួន ០៨កន្លែង គ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច ដើម្បីរកចំណូលតាមរូបភាពទេសចរណ៍ រមណីយដ្ឋានទាំងនេះរួមមាន៖ បឹងយក្ខឡោម ទឹកជ្រោះកាចាញ ទឹកជ្រោះកាទៀង ទឹកជ្រោះចាអ៊ុង ទឹកជ្រោះអូរស៊ិនលែរ៍ បឹងលំកុដ ទឹកជួរតាតតៃ និងទឹកជួរទឹង៕