(ភ្នំពេញ)៖ អនុគណៈកម្មការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំពិភាក្សា រកវិធានការបន្ថែម ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក យុន ឈុន្នី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង គ.ស.ច.គ។ ក្នុងនោះក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ជាលទ្ធផល ដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មការជំនាញ បានកំណត់វិធានការចាំបាច់ចំពោះមុខ និងទិសដៅបន្ត ដូចជា ទី១៖ការពង្រឹងយន្តការបន្ថែមទៀតដើម្បីបំពេញការងារអោយបានពេញលេញ ពិសេសយន្តការថ្នាក់ក្រោមជាតិ, ទី២៖ការបំពាក់បន្ថែមសម្ភារៈ ឧបករណ៍ជំនាញដល់មន្រ្តីអនុវត្ត,
ទី៣៖ពង្រឹងកិច្ចសហការរវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិ, ទី៤៖ពង្រឹងបន្ថែមការអនុវត្តច្បាប់ទាំងនៅពេលយប់ និងពេលថ្ងៃ ត្រួតពិនិត្យល្បឿន ត្រួតពិនិត្យគ្រឿងញៀន និងជាតិស្រវឹង និងទី៥៖ពង្រឹងបន្ថែមមធ្យោបាយទំនាក់ទំនង ដើម្បីឆ្លើយតបបញ្ហាទាន់ពេលនូវរាល់បញ្ហាកើតឡើង។
វិធានការសំខាន់ៗ ដែលបានពិភាក្សានៅរសៀលនេះ នឹងដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យសម្រេច។
ក្នុងឱកាសនេះដែរ លោក យុន ឈុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ដែលនឹងចូលមកដល់នាពេលខាងមុខនេះ៕