(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ក្រោមការណែនាំផ្ទាល់ពី លោក ថង សាវុន អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងវិស័យបរិស្ថាន បានសរុប ១២៧ករណី ក្នុងនោះ លួចកាប់ឈើ ៥៩ករណី, បទល្មើសនេសាទ២៣ករណី, បទល្មើសសត្វព្រៃ២៤ករណី, បទល្មើសលាក់អាវុធ១ករណី, បទល្មើសលួចចូលក្នុងតំបន់ការពារធម្មជាតិ១ករណី, និងបទល្មើសលួចនាំចូលឧបករណ៍ខុសច្បាប់ ចូលក្នុងតំបន់ការពារធម្មជាតិ៤ករណី។
នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ដ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ និងដោយមានការចូលរួមពី លោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្ត និងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។
របាយការណ៍បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ ត្រូវបានធ្វើនៅក្នុងឧទ្យានវីរៈជ័យ បង្ក្រាប និងទប់ស្កាត់បទល្មើស ៤៣ករណី ក្នុងនោះ៖ លួចកាប់ឈើ២១ករណី, បទល្មើសនេសាទ៥ករណី, បទល្មើសសត្វព្រៃ១១ករណី, បទល្មើសលាក់អាវុធ ១ករណី, បទល្មើសលួចចូលក្នុងតំបន់ការពារធម្មជាតិ ១ករណី និងបទល្មើសលួចនាំចូលឧបករណ៍ខុសច្បាប់។ ក្នុងតំបន់ការពារធម្មជាតិ ៤ករណី ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ឈើប្រណិតធ្នង់២១៣ដុំ និង២២បន្ទះ, រណារយន្ត ៨គ្រឿង, កាំបិត២, កាំភ្លើងស្នប់១ដើម, អាគុយ១២វ៉ុល៥, ក្បាលឆក់៤អាវុធ ម៉ាកAKស្វាយវែង១ដើម, ម៉ូតូកែច្នៃចាស់១គ្រឿង, កាំភ្លើងស្នប់១ដើម, កាំភ្លើងកែច្នៃ១ដើម, គ្រាប់៦គ្រាប់, គិប៧គិប, រំសេវ០,០២ក្រាម, កាំបិត៣, ពូថៅ៥, ដឹង៣ និងផ្លែសំរ៉ងខ្ចីមួយចំនួន។
បន្ថែមពីនេះ ៤២ករណី បង្ក្រាបក្នុងឧទ្យានដែនជម្រកសត្វព្រៃលំផាត់ ក្នុងនោះមាន៖ លួចកាប់ឈើ៣ករណី, បទល្មើសនេសាទ១៣ករណី, បទល្មើសសត្វព្រៃ១១ករណី និងកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ១៥ករណី។ ដកហូតវត្ថុតាងរួមមាន៖ ឈើគ្រប់ប្រភេទ២៤៣កំណាត់, រណារយន្ត៣គ្រឿង, អាគុយ៤០អំពែ៦គ្រាប់, ក្បាលឆក់១០គ្រឿង ឌូដាក់ត្រី១, ខ្សែអន្ទាក់៣៧៩ខ្សែ និងលប់ដាក់សត្វពពូល១។
ដោយឡែកនៅឧទ្យានជាតិអូរយ៉ាដាវ បានទប់ស្កាត់បទល្មើស ៣៨ករណី ក្នុងនោះមាន លួចកាប់ឈើ៣១ករណី, បទល្មើសនេសាទ៥ករណី និងបទល្មើសសត្វព្រៃ២ករណី ដោយដកហូតបានរណារយន្ត៤គ្រឿង និងម៉ូតូ ២គ្រឿង។ ជាមួយគ្នានោះ នៅក្នុងឧទ្យានជាតិវើនសៃបានទប់ស្កាត់ និងបង្ក្រាបបទល្មើស ចំនួន៤ករណី គឺបទល្មើសកាប់ឈើ ដោយដកហូតបានរណារយន្ត៣គ្រឿង ឈើធ្នង់១សន្លឹក ចបជីក១ និងចបកាប់១។
បច្ចុប្បន្នជនសង្ស័យដែលពាក់ព័ន្ធក្នុងបទល្មើសខាងលើនេះ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕