(ភ្នំពេញ)៖ ការប្រែច្បាប់ស្តីពីបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនមែនជារឿងលំបាកទេសម្រាប់គណបក្សប្រជាជនកម្ពុជា ពីព្រោះច្បាប់នេះបានចែងថា ដើម្បីកែប្រែ ឬធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានលុះត្រាតែមានសេចក្តីស្នើឱ្យកែប្រែពីតំណាងរាស្រ្ត១ភាគ៤យ៉ាងតិច ហើយត្រូវមានការអនុម័តយល់ព្រម ដោយសំឡេងភាគច្រើនដាច់ខាត ពោលគឺយ៉ាងតិច៥០បូក១ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ១២៣រូប។

មាត្រា៨២ ថ្មី ជំពូក៦ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានចែងយ៉ាងដូច្នេះថា «បទបញ្ជាផ្ទៃក្នុងនេះ នឹងកែប្រែបាន លុះត្រាតែមានសេចក្តីស្នើសុំពី អ្នកតំណាងរាស្រ្តមួយភាគ៤យ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយត្រូវបានអនុម័ត យល់ព្រមដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល»

អត្ថន័យនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះមានន័យថា ទោះបីជាមិនមានការគាំទ្រដោយ តំណាងរាស្រ្តគណបក្សប្រឆាំងទាំង៥៥រូប ក៏គណបក្សប្រជាជនកម្ពុជា ដែលមាន៦៨សំឡេង នៅក្នុងរដ្ឋសភា អាចកែប្រែច្បាប់ស្តីពីបទបញ្ជាផ្ទៃក្នុងដោយងាយ ដោយសារតែសំឡេងភាគច្រើនដាច់ខាត ឬ៥០បូកមួយ ត្រូវការ សំឡេងតំណាងរាស្រ្ត ត្រឹមតែ៦២រូបប៉ុណ្ណោះ ចំណែកគណបក្សប្រជាជនកម្ពុជាមានសំឡេងនៅក្នុងសភារហូតដល់៦៨រូប។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជិត១៣៖០០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ចេញពីទីក្រុង Zurich ប្រទេសស្វីលថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចសម្រេចស្នើឲ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ Fresh News យ៉ាងដូចេ្នះថា៖ «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោទនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈ សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ»

សម្តេចតេជោ ហ៊ុន សែន មិនបានពន្យល់អ្វីថែមទៀតនោះទេ ដោយបានបញ្ជាក់យ៉ាងខ្លីថា «ធ្វើដូចនេះឆាប់ចប់រឿង ព្រោះមិនបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះយន្តការនោះវារលាយបាត់តាមរយៈវិសោធនកម្មដែលនឹងត្រូវធ្វើរួចទៅហើយ»

សូមបញ្ជាក់ថា ប្រសិនការធ្វើវិសោធនកម្មបានដោយជោគជ័យនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងត្រូវបានបាត់បង់តួនាទី ជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៦៕