(រតនគិរី)៖ គណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការដឹកនាំផ្ទាល់ពីលោក ថង សាវុន អភិបាលខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង កម្លាំងយោធា បានរួមគ្នាបង្ក្រាបបទល្មើសន្ដិសុខ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព បាន ៩៧លើក និងឃាត់បានជនសង្ស័យពាក់ព័ន្ធ ១៥៣នាក់។
នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរិ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ក្នុងសន្និបាតបូកសរុបលទ្ធការងារសម្រាប់ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ដសម្រាប់ឆ្នាំ២០១៧។ សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ និងមានការអញ្ជើញចូលរួមផងដែរពី លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមកងកម្លាំងប្រដាប់អាវុធ និងពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
របាយការណ៍ដែលដាក់បង្ហាញនោះ បានឲ្យដឹងថា លទ្ធបង្ក្រាបបទល្មើសទូទាំងខេត្តសរុប ៩៧លើក ស្មើនឹង ១៥៣មុខសញ្ញាលើ ៤៥លើក ស្មើនឹង ៦៨មុខសញ្ញា ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ អាវុធវែង ១ដើម, អាកាស្វាយបត់ ១ដើម, អាវុធខ្លី ១ដើម, គ្រាប់កាំភ្លើង ២៩គ្រាប់, ម៉ូតូ ៨គ្រឿង, ពូថៅ១, កូនសោរតាកេ១, កាំបិតផ្កាក់១, កាំបិតក្វែវ១, ដែកបំពង់ទីប១, ក្វែវជម្រះស្មៅ១, រូបចម្លាក់សេះ១គូ, កន្រ្តៃកាត់មែកឈើ១, ម៉ូទ័រស្វាន១, សាច់ក្របីមួយចំនួន, ថ្នាំញៀន ១ថង់ធំ ៦១ថង់តូច ស្មើនឹង ១៣៤.១៤ក្រាម, មេតាហ្វេតាមីន៩គ្រាប់, កេតាមីន ៨ថង់ ស្មើនឹង ៥,៨៣ក្រាម, អ៉ិចស្តាស៊ី ១ថង់, ថ្នាំក្រវី ស្មើនឹង ១,៣៥ក្រាម, រថយន្ត៣គ្រឿង, ម៉ូតូ ២០គ្រឿង, ទូរស័ព្ទ ៤៥គ្រឿង, ប្រាក់រៀលចំនួន ៥២១,១០០រៀលគត់, មាន់ជល់ ១ក្បាល និងសន្លឹកបៀរមួយចំនួន។
បច្ចុប្បន្នបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចំនួន៨១ករណី ស្មើនឹង ១០៩មុខសញ្ញា ដោយឡែកបទល្មើសដែលនៅសល់ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្ដទៀត។
ជាមួយនឹងការបង្ក្រាបបទល្មើសបានយ៉ាងច្រើននេះ និងដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គណៈបញ្ជាការឯកភាពខេត្ត បានបើកកិច្ចប្រជុំដកបទពិសោធន៍ ក្នុងការបន្ដយុទ្ធនាការបង្ក្រាបបាន ៦លើក ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខេត្ត សមាសភាពចូលរួមកិច្ចប្រជុំសរុបចំនួន ២៧៧នាក់ រួមមាន៖ អភិបាលរងខេត្ត មេបញ្ជាការ កងប្រដាប់អាវុធ ទាំងបី អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក។
ដោយឡែកក្រៅពីកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ដ្រីជំនាញ ក៏បានធ្វើវេទិកាសាធារណៈ ស្តីពីភូមិ-ឃុំមានសុវត្ថិភាព នៅក្នុងទូទាំងខេត្ត សរុប ១៤៣លើក មានអ្នកចូលរួមចំនួន ១២,២២១នាក់ (ស្រី៤,២៩៨នាក់)។ តាមរយៈវេទិកាសាធារណៈកន្លងមកនេះ គឺបានលើកយកប្រធានបទចំនួន ៩ចំណុច របស់លក្ខណៈសម្បត្តិ នៃភូមិ-ឃុំមានសុវត្ថិភាព និងលើកឡើងចំណុច ដែលស្របទៅនឹងសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងធ្វើការបំផុសគំនិតឲ្យប្រជាពលរដ្ឋ ចូលរួមយោបល់អំពីបញ្ហារបស់ពួកគាត់។
តាមរយៈសកម្មភាពផ្សព្វផ្សាយផែនការអនុវត្ដគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» បានឆ្លុះបញ្ចាំងបង្ហាញនូវឆន្ទៈប្រជាពលរដ្ឋ ចូលរួមក្នុងចលនាប្រជាការពារភូមិ ឃុំដោយស្មារតីស្មោះស្ម័គ្រ និងសហការក្នុងសកម្មភាពរក្សា សន្តិសុខយ៉ាងជិតស្និទ្ធ ជាមួយនេះថ្នាក់ដឹកនាំខេត្ត បានពង្រឹងកម្លាំងប្រជាការពារ ដែលបច្ចុប្បន្នមានចំនួន៦៣៨ក្រុម មានមនុស្សចំនួន ៥,៣០១នាក់ និងប៉ុស្តិ៍សន្តិសុខ នៅតាមសរុប ២៤៧ប៉ុស្តិ៍ (ក្នុងចំណោម២៤៣ភូមិ ដែលមានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥០ប៉ុស្តិ៍ នៅទូទាំងខេត្ត) ព្រមទាំងបានធ្វើសកម្មភាពដើរល្បាត និងយាមប្រចាំការសរុប៤៦០លើក៕