(ស្វីស)៖ សម្ដេចតេជោ ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងជួបសំណេះសំណាល បងប្អូនសហគមខ្មែរ ដែលរស់នៅក្នុងប្រទេសស្វីសនៅថ្ងៃនេះ មុនសម្តេចតេជោ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករៀបចំធ្វើនៅថ្ងៃស្អែក។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ទោះបីអញ្ជើញទៅដល់ទីណា គឺ សម្តេចតេជោ តែងតែនឹករព្ញកមកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏មិនដែលភ្លេចដល់បងប្អូនខ្មែរ ដែលបានភៀសខ្លួនមករស់នៅប្រទេសក្រៅផងដែរ។ សម្តេចតេជោ តែងតែឆ្លៀតពេលជួបសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់បងប្អូនខ្មែរយើងជានិច្ច។ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
គម្រោងជួបសំណេះសំណាល បងប្អូនសហគមខ្មែរ ដែលរស់នៅក្នុងប្រទេសស្វីសនាពេលនេះ ធ្វើឡើងក្រោយពី សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញស្រស់ស្រូបអាហារពេលព្រឹក ជាមួយមន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស នៅសណ្ឋាគារ Park Hyatt Zurichនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។
សម្ដេចតេជោ ហ៊ុន សែន និង គណៈប្រតិភូបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Zurich, ប្រទេសស្វ៊ីស បន្ទាប់ពីបានឈប់សម្រាកប្តូរ យន្តហោះនៅហុងកុង អស់ពេល២ម៉ោងរួចហើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើដំណើរមកដល់អាកាសយានដ្ឋាន Zurich ទីក្រុង Zurich ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង១៖៥០នាទី (ម៉ោងនៅកម្ពុជា) នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ។ ក្នុងឱកាសអញ្ជើញទទួលសម្តេចតេជោនៅព្រលានយន្តហោះ ក៏មានការចូលរួមពីមន្រ្តីទូតកម្ពុជា និងមន្រ្តីមកពីវេទិកាសេដ្ឋកិច្ច ពិភពលោកផងដែរ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងនោះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វ៊ីស នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត៕