(ភ្នំពេញ)៖ សហព័ន្ធវាយកូនគោលកម្ពុជា ដឹកនាំដោយលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធ វាយកូនគោលកម្ពុជា បានរៀបចំនិងដឹកនាំការប្រកួត កីឡាវាយកូនគោល ប្រចាំឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ដើម្បីជ្រើសរើសកីឡាករ ជើងឯក ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី។
លោក ជា បូរ៉ា បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលខាងលើ ត្រូវបានរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែមករា ឆ្នាំ២០១៧ នៅតារាងកូនគោលហ្គ្រេនភ្នំពេញ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន ២០នាក់ បែងចែកជា២ដំណាក់កាល រួមមាន៖ នៅថ្ងៃទី១៣ និងទី១៤ ប្រកួតជម្រុះដោយសហព័ន្ធវាយកូនគោលកម្ពុជា រកឃើញកីឡាករ១២រូប និងកីឡាការិនី ៦រូបសម្រាប់ប្រកួត នៅថ្ងៃទី១៥បន្ត។
លោក ជា បូរ៉ា បានបន្តថា កីឡាករដែលទទួលបានជ័យលាភី មាន៣នាក់ រួមមាន៖ លេខ១បានទៅលើ លោកឧត្តមសេនីយ៍ សរ សិទ្ធិ, លេខ២បានទៅលើ លោក សេង វ៉ាន់សីហា ,និងលេខ៣បានទៅលើ លោក ឡេង តូ។ ចំណែកជ័យលាភីខាងកីឡាការិនីវិញក៏មានចំនួន ៣នាក់ដែរ រួមមាន៖ លេខ១បានទៅលើ កញ្ញា ឆន វិច្ឆិកា, លេខ២បានទៅលើ លោកស្រី កាន់ វង្ស, លេខ៣បានទៅលើ កញ្ញា សារឿន ទេវី។
លោក ជា បូរ៉ា បានបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលបានជ្រើសរើសជាជើងឯកខាងលើ នឹងត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែម ដើម្បីចូលរួមកីឡាស៊ីហ្គេម នៅក្នុងខែតុលា ឆ្នាំ២០១៧ ខាងមុខ នៅប្រទេសម៉ាឡេស៊ី និងចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា៕