(ព្រះវិហារ)៖ ផ្ទះ៧ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាននាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍អតីតសមាគមន៍អតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់ដៃគ្រួសារអតីតយុទ្ធជន នៅភូមិឆែបខាងកើត ឃុំឆែប ស្រុកឆែប នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។ ក្នុងពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍មាស សុភា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ ដោយធ្វើដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ នាំមកនូវសុខសន្តិភាព និងការរស់នៅសុខសាន្ត ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងកម្ពុជា ហើយដោយសារតែគុណូបការៈ មិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជននេះ ហើយ ទើបប្រមុខរាជរដ្ឋភិបាល មិនអាចបំភ្លេចបាន និងបានគិតគូរសព្វបែបយ៉ាងដល់បងប្អូនអតិតយុទ្ធជន។
ក្រៅពីការប្រគល់ផ្ទះ៧ខ្នង ស្មើនឹង៧គ្រួសារនេះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគដល់គ្រួសារអតីតយុទ្ធជនផងដែរ៕