(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេលជាង១ខែ កម្មវិធីប្រកួត «គូររូបតួអង្គនិមិត្តរូប (MASCOT) និង តែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧» បានរកឃើញម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ហើយ។ ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លានរៀល លេខ២ ទទួលបាន ១.២លានរៀល និងលេខ៣ ទទួលបាន ៨០ម៉ឺនរៀល។
ពិធីករប្រកាសម្ចាស់ជយលាភីត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
កម្មវិធីប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប (MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើយដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខជន បេក្ខនារីប្រមាណជា ២៧៩នាក់។
ស្នាដៃគំនូ និងតែងនិពន្ធ ត្រូវបានដាក់ឲ្យវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈកម្មការបានជ្រើសរើស។ បន្ទាប់ពីការវាយតម្លៃរបស់គណៈកម្មការ មានគំនូររូបតួអង្គនិមិត្តរូបចំនួន១០ និងពាក្យស្លោកចំនួន១០ ត្រូវបានយកទៅដាក់ឲ្យសារធារណជនបោះឆ្នោតជម្រុះតាមបណ្តាញសង្គម Facebook រយៈពេលមួយសប្តាហ៍។ តាមរយៈបណ្តាញសង្គម Facebook ទាំងស្នាដៃគំនូរ និងពាក្យស្លោក របស់បេក្ខជន និងបេក្ខនារី ត្រូវបានសាធារណជនចូលចុច Like យ៉ាងផុសផុល។
ទីបំផុតទៅម្ចាស់ជយលាភីផ្នែកគំនូរ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ច័ន្ទ គីមហាក់ ទទួលបាន Like ច្រើនជាងគេរហូតដល់ ៤,៦០២ ចំណាត់ថ្នាក់លេខ២ បានទៅលើកញ្ញា ហេន វឌ្ឍនាស្ថាពរ ទទួលបាន Like ចំនួន ៤,២១៤ និង ចំណាត់ថ្នាក់លេខ៣ បានទៅលើ លោក ស៊ុ សំណាង ទទួលបាន Like ចំនួន ៣,០១៣។
សម្រាប់ជយលាភីផ្នែកតែងនិពន្ធពាក្យស្លោកវិញ ចំណាត់ថ្នាក់លេខ១ បានទៅលើកញ្ញា ព្រំ ចាន់លក្ខិណា ទទួលបាន Like ចំនួន ២,០៤៣ ចំណាត់ថ្នាក់លេខ២ បានទៅលើលោក លឿង យ៉ុងសឹង្គ ទទួលបាន Like ចំនួន ១,៤០១ និងចំណាត់លេខ៣ បានទៅលើ កញ្ញា ខន ចំប៉ា ដែលជាអ្នកព័ត៌មានវ័យក្មេងនៅកម្ពុជា ទទួលបាន Like ចំនួន១,១៩១។
បេក្ខជន និងបេក្ខនារីទាំង ៦នាក់ ក៏បានទទួលទឹកប្រាក់ និងរង្វាន់លើកទឹកចិត្តមួយចំនួនពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ក្នុងនោះបេក្ខជន បេក្ខនារី ចំណាត់លេខ១ ទទួលបានទឹកប្រាក់ ២លានរៀល បេក្ខជន បក្ខនារី ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ ១.២លានរៀល និងបេក្ខជន បេក្ខនារី ចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ ៨០ម៉ឺនរៀល។
លោក ច័ន្ទ គីមហាក់ បេក្ខជនចំណាត់ថ្នាក់លេខ១ ផ្នែកគូររូបតួអង្គនិមិត្តរូប បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែង ដែលមានសមាជិករហូតជាង ១៦៧នាក់។ ជាងនេះទៅទៀត ខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុក ម៉ែ បងប្អូន មិត្តភក្ដិទាំងអស់ ដែលបានចូលរួមបោះឆ្នោត (Like) ដល់រូបភាពរបស់ខ្ញុំ»។
លោក គីម ហាក់ បានបន្ថែមថា «ការគូររូបនេះខ្ញុំចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដំបូងខ្ញុំបានជ្រើសរើសការគូររូបដោយប្រើខ្មៅដៃ។ ប៉ុន្តែបន្ទាប់ពីទទួលបានមតិច្រើនពីសំណាក់សាស្រ្ដាចារ្យ ខ្ញុំក៏បានប្ដូរការគូរពីខ្មៅដៃមកគូរនៅលើកុំព្យូទ័រវិញ ដោយបានចំណាយពេលប្រមាណជា ៦ម៉ោង ទើបអាចបញ្ចប់ការគូររូបនិមិត្តនេះ។ បន្ទាប់មកខ្ញុំ ក៏បានផ្ញើរូបភាពនិមិត្តទៅកាន់កម្មវិធីអង្គរសង្ក្រាន្ដ ដើម្បីធ្វើការប្រកួតប្រជែង សម្រាប់គំនូរខ្ញុំ គឺខ្ញុំចង់បញ្ជាក់ពីស្នាមញញឹមរបស់ជនជាតិខ្មែង ដែលពោរពេញដោយកម្លាំង ខ្លាំងក្លានិងជំហរ ឬជំហានដ៏រឹងមាំ»។
កញ្ញា ព្រំ ចាន់លក្ខិណា ម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ១ ផ្នែកតែងនិពន្ធពាក្យស្លោក បានថ្លែងឲ្យដឹងថា «សម្រាប់ពាក្យស្លោករបស់ខ្ញុំវិញ ខ្ញុំបានចំណាយការគិតត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ។ ខ្ញុំគិតថា ធ្វើយ៉ាងណាឲ្យពាក្យស្លោករបស់ខ្ញុំខ្លី តែមានអត្ថន័យជ្រាលជ្រៅ អ្វីដែលសំខាន់នោះ គឺការសសេរមិនលើសពី ២០ព្យាង្គឡើយ។ ពាក្យស្លោកនាងខ្ញុំ បានបង្ហាញពីតួនាទីរបស់យុវជន ដែលថែទាំទំនៀមទម្លាប់ប្រពៃណី ដើម្បីថែរក្សាឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹងនិងស្គាល់ ក៏ដូចជាបង្ហាញដល់ពិភពលោកទាំងមូលយល់ដឹងពីវប្បធម៌ទំនៀមទម្លាប់របស់ប្រទេសកម្ពុជាយើង»។
សូមបញ្ជាក់នេះជាលើកទី២ហើយ ដែល ស.ស.យ.ក រៀបចំឲ្យមានកម្មវិធីប្រកួតប្រជែងក្នុងបំណងឲ្យអ្នកយុវវ័យរបស់ខ្មែរបានបង្ហាញ សមត្ថភាពរបស់ពួកគេក្នុងកម្មវិធីអង្គរសង្រ្កាន្ត។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ មានបក្ខជន បេក្ខនារី ប្រមាណ ១៧៧នាក់ បានដាក់ពាក្យប្រកួតប្រជែងកម្មវិធីនេះ៕